តូរុនតូ៖ រដ្ឋាភិបាលទីក្រុង អូតាវ៉ា បានប្រកាសថា ប្រទេសកាណាដា នឹងផ្តល់ការជ្រកកោនសម្រាប់ ជនជាតិអាហ្វហ្គានីស្ថានដែលងាយរងគ្រោះរហូតដល់ ២០ ០០០ នាក់ រួមទាំងសកម្មជន និងអ្នកកាសែតជាស្ត្រីផងដែរ ខណៈដែលក្រុមភេរវករតាលីបង់ បានវាយដណ្តើមទៅមុខ ក្នុងគោលបំណងដណ្តើមយកមកវិញ នូវប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីអន្តោប្រវេសន៍លោក Marco Mendicino បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រថា ប្រទេសកាណាដា នឹងបង្កើតកម្មវិធីអន្តោប្រវេសន៍ពិសេសរបស់យើង ដើម្បីស្វាគមន៍ជនភៀសខ្លួនអាហ្វហ្គានីស្ថានដែលងាយរងគ្រោះជាង ២០ ០០០ នាក់។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលទីក្រុងអូតាវ៉ា បានប្រកាសថា ខ្លួននឹងផ្តល់ការជ្រកកោនសម្រាប់ជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ តាមរយៈកម្មវិធីជនអន្តោប្រវេសន៍ពិសេស ដែលត្រូវបានរចនាឡើងសម្រាប់អ្នកដែលជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់យោធាកាណាដា នៅអាហ្វហ្គានីស្ថានជាពិសេសអ្នកបកប្រែ ដែលពួកតាលីបង់ចាត់ទុកថា ជាជនក្បត់ហើយបានប្តេជ្ញាសងសឹក។
រដ្ឋមន្ត្រីកាណាដាបានកត់សម្គាល់ថា ការប្រកាសនៅថ្ងៃសុក្រនេះ នឹងបន្ថែមលើកិច្ចខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរទីលំនៅអ្នកដែលបានផ្តល់ជំនួយផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធកាណាដា (CAF) ។
Mendicino បាននិយាយថារដ្ឋាភិបាលកាណាដានឹងស្វាគមន៍បុគ្គលដែលមានហានិភ័យខ្ពស់បំផុតនៃការសងសឹកតាលីបង់ រួមមានមេដឹកនាំស្ត្រី សកម្មជនសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងសមាជិកសហគមន៍ស្រឡាញ់ភេទដូចគ្នា៕
ប្រែសម្រួលៈ ណៃ តុលា