បរទេស៖ ប្រធានាធិបតី នៃប្រទេសអាហ្វហ្គានីស្ថាន លោក Ashraf Ghani បាននិយាយថា លោកកំពុងតែធ្វើការពិភាក្សាគ្នាជាបន្ទាន់ ជាមួយថ្នាក់ដឹកនាំក្នុងស្រុក និងដៃគូអន្តរជាតិ ស្របពេលដែលពួកឧទ្ទាមតាលីបង់ រុលចូលកាន់តែជិតទីក្រុងកាប៊ុល ដោយដណ្ដើមបានទីក្រុងសំខាន់មួយ នៅខាងត្បូងរដ្ឋធានី ដែលជាច្រកផ្លូវមួយ ក្នុងចំណោមច្រកផ្លូវ ឆ្ពោះទៅកាន់ទីក្រុងកាប៊ុល។
លោក Ashraf Ghani បានមានប្រសាសន៍ ក្នុងសេចក្តីថ្លែងការណ៍ដ៏សង្ខេប ដែលផ្សាយលើកញ្ចក់ទូរទស្សន៍មួយ យ៉ាងដូច្នេះថា “ក្នុងនាមជាប្រធានាធិបតី របស់អ្នក ការផ្តោតរបស់ខ្ញុំ គឺដាក់លើការទប់ស្កាត់ មិនឲ្យមានអស្ថិរភាព អំពើហិង្សា និងការចាកចោលទីលំនៅ របស់ប្រជាជនថែមទៀត”។
យោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ការថ្លែងបែបនេះរបស់លោកប្រធានាធិបតីអាហ្វហ្គានីស្ថាន គឺត្រូវបានធ្វើឡើង ស្របពេលដែល សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ប្រញាប់បញ្ជូនកងទ័ព មកជួយជម្លៀសស្ថានទូតពួកគេ។
លោក Ashraf Ghani មិនបានផ្តល់សញ្ញានៃការឆ្លើយតប ចំពោះការទាមទាររបស់ពួកតាលីបង់ ដែលឲ្យលោកចុះចេញពីតំណែង ដើម្បីឲ្យមានកិច្ចពិភាក្សាគ្នាណាមួយ ស្តីពីបទឈប់បាញ់គ្នា និងដំណើរស្រាយនយោបាយ តែលោកមានប្រសាសន៍ថា “ការរួមបញ្ចូលគ្នាឡើងវិញ នៃកងកម្លាំងសន្តិសុខ និងកងកម្លាំងការពារជាតិ គឺជាអាទិភាពរបស់យើង ហើយវិធានការដ៏ហ្មត់ចត់ នឹងត្រូវបានធ្វើឡើង ចំពោះរឿងនេះ”៕
ប្រែសម្រួល៖ប៉ាង កុង