ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្ម មន្ត្រីនិងអង្គភាព យោធាគុយបា ជុំវិញការប្រើអំពើហិង្សា

បរទេស៖ ក្រសួងរតនាគារ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម មន្ត្រីគុយបាពីររូប និងអង្គភាពយោធាគុយបាមួយ ជុំវិញការឆ្លើយតបប្រកបដោយហិង្សា របស់រដ្ឋាភិបាលគុយបា លើការតវ៉ាដោយសន្តិវិធី ដែលកើតមានកាលពីខែកក្កដា។

តាមសេចក្តីរាយការណ៍ ការតវ៉ាទាំងនោះ គឺជាបាតុកម្មដ៏ធំបំផុតប្រឆាំងរដ្ឋាភិបាលកុម្មុយនិស្ត ក្នុងរយៈពេលជាច្រើន ទសវត្សកន្លងមកនេះ ស្របពេលដែលប្រទេសគុយបា ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចមួយ ក្នុងចំណោម វិបត្តិសេដ្ឋកិច្ច ដ៏អាក្រក់បំផុតរបស់ខ្លួន។

ក្រសួងរតនាគារអាមេរិក បានដាក់ទណ្ឌកម្មលើលោក Romarico Vidal Sotomayor Garcia និងលោក Pedro Orlando Martinez Fernandez មកពីក្រសួងមហាផ្ទៃគុយបា និងកងកម្លាំង Tropas de Prevención (TDP) ជាអង្គភាពមួយមកពីក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា។

បុរសទាំងពីររូបនោះ ត្រូវបានគេរកឃើញថា បានធ្វើសកម្មភាពជំនួសឲ្យក្រសួងមហាផ្ទៃគុយបា ដែលត្រូវបានគេចាត់ទុកថា ត្រូវទទួលខុសត្រូវ ចំពោះការរំលោកបំពាន់ សិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយទន្ទឹមគ្នានេះដែរ ក្រសួងរតនាគារអាមរិក បាននិយាយថា កងកម្លាំង បានជាប់ពាក់ព័ន្ធ ក្នុងការប្រើអំពើហិង្សាលើក្រុមបាតុករ៕

ប្រែសម្រួល៖ប៉ាង កុង

To Top