ព័ត៌មានអន្តរជាតិ

ទ្វីបអាហ្វ្រិក មានអ្នកឆ្លងជំងឺកូវីដ-១៩ លើសពី៧,២លាននាក់

អាប់ឌី អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការរោគប្រចាំទ្វីបអាហ្វិ្រក ហៅកាត់ (Africa CDC)បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងទ្វីបអាហ្វ្រិក បាន កើនឡើងដល់៧.២២២.៨៥៣នាក់គិតត្រឹមល្ងាចថ្ងៃសៅរ៍ ។

មជ្ឈមណ្ឌល Africa CDC ដែលជាទីភ្នាក់ងារ ថែទាំសុខភាពពិសេស នៃសហភាពអាហ្វ្រិក បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លង ចំនួន១៨២.៤៥២នាក់ ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន៦.៣៣៤.៩៥៨នាក់ នៅទូទាំងទ្វីបបានជាសះស្បើយពីជំងឺ ។

មជ្ឈមណ្ឌល CDC ប្រចាំទ្វីបអាហ្វ្រិក ប្រទេសអាហ្វ្រិកខាងត្បូង ទុយនេស៊ី និងអេត្យូពី ជាប្រទេសដែលមានករណីឆ្លងច្រើននៅក្នុងទ្វីប ។

ប្រទេសអាហ្វ្រិកខាងត្បូង បានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួនច្រើនបំផុតនៅទ្វីបអាហ្វ្រិក ដែលមានអ្នកឆ្លងជំងឺ២.៥៨២.៤២៧នាក់ ទន្ទឹមនឹងនេះដែរ ប្រទេសភាគខាងជើងទ្វីបអាហ្វ្រិក គឺប្រទេសម៉ារ៉ុក ត្រូវបានរាយការណ៍ថា មានករណី ៧៤១.៨៣៦នាក់ គិតត្រឹមរសៀលថ្ងៃសៅរ៍ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top