ព័ត៌មានអន្តរជាតិ

លោក Biden ប្រកាសដាក់ពង្រាយ ទ័ព៥ពាន់នាក់ ទៅអាហ្វហ្គានីស្ថាន ឡើងវិញ

វ៉ាស៊ិនតោន៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ​ បានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Jo Biden កាលពីថ្ងៃសៅរ៍ម្សិលមិញ បានធ្វើការប្រកាសមួយ ក្នុងការអនុញ្ញាតិ ឲ្យមានការដាក់ពង្រាយ ទ័ពអាមេរិកប្រមាណជា៥០០០នាក់ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ឡើងវិញ ដើម្បីជួយគាំទ្រ ទៅដល់កិច្ចការងារ ដកកងកម្លាំងចេញ ពីប្រទេសហើយ ថែមទាំងបានព្រមានក្រុងតាលីបង់ ផងដែរកុំឲ្យប៉ះពាល់ ជាមួយបេសកកម្ម របស់យោធាអាមេរិកឲ្យសោះ។

លោក Biden បានថ្លែងនៅក្នុងសន្ទរកថា មួយថាលោកបានអនុញ្ញាតិឲ្យ យោធាអាមេរិកប្រមាណជា៥០០០នាក់ ក្នុងការធានាឲ្យការដកកងកម្លាំងយោធា អាមេរិក អាចដំណើរការ បានរលូនជាងនេះ និងក៏ដូចជាក្រុមរបស់សម្ព័ន្ធមិត្ត ផងដែរ។

លោកបន្តថា យោធាអាមេរិក ក៏បានធ្វើការព្រមានខ្លាំងទៅលើ ក្រុមអ្នកតំណាង របស់ក្រុមកងកម្លាំងតាលីបង់ផងដែរ ដែលមានវត្តមាន នៅក្នុងទីក្រុង Doha និងប្រទេស Qatar ថាមិនត្រូវមានសកម្មភាព ណាមួយ ដែលអាចបណ្តាលឲ្យ មានផលប៉ះពាល់ ដល់កងកម្លាំងយោធា របស់អាមេរិកឡើយ។

គួរឲ្យដឹងដែរថា កងកម្លាំងយោធាទាំង៥០០០នាក់ របស់អាមេរិកនឹងត្រូវ ប្រើប្រាស់នៅក្នុងរដ្ឋធានី ទីក្រុងកាប៊ុលដែលក្នុងនោះមាន១០០០នាក់ នឹងមានវត្តមាននៅក្នុងអាកាសយានដ្ឋាន ព្រមទាំងស្ថានទូត ហើយប្រមាណជា១០០០នាក់ទៀត នឹងធ្វើដំណើរមកដល់ប្រទេសអាហ្វហ្គានីស្ថាន នៅចុងសប្តាហ៍នេះ។

ប្រែសម្រួល៖ស៊ុនលី

To Top