ព័ត៌មានអន្តរជាតិ

ពួកតាលីបង់ ចូលក្នុងទីក្រុងកាប៊ុល ស្របពេលមន្ត្រីការទូត អាមេរិក ជម្លៀសតាម ឧទ្ធម្ភាគចក្រ

បរទេស៖ ពួកបះបោរតាលីបង់ បានចូលក្នុងទីក្រុងកាប៊ុល ដែលជារដ្ឋធានីរបស់ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃអាទិត្យនេះ ស្របពេលដែលសហរដ្ឋអាមេរិក ជម្លៀសមន្ត្រីការទូតចេញពីស្ថានទូតខ្លួន តាមឧទ្ធម្ភាគចក្រ ហើយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានមួយរូប បាននិយាយថា អំណាចនឹងត្រូវប្រគល់ឲ្យរដ្ឋបាលបណ្ដោះអាសន្ន។ 

មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ នៃប្រទេសអាហ្វហ្គានីស្ថានមួយរូប បាននិយាយប្រាប់សារព័ត៌មានថា ពួកតាលីបង់កំពុងមកពីគ្រប់ទិសទាំងអស់ ចូលមកក្នុងរដ្ឋធានី ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតនោះទេ។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យពួកតាលីបង់ លោក Zabihullah Mujahid បាននិយាយប្រាប់ថា ក្រុមខ្លួនកំពុងតែពិភាក្សាគ្នាជាមួយរដ្ឋាភិបាល ឲ្យទីក្រុងកាប៊ុលចុះចាញ់ដោយសន្តិវិធី នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News។ 

សេចក្តីថ្លែងការណ៍ដដែលនោះ បាននិយាយបន្តទៀតយ៉ាងដូច្នេះថា “កងកម្លាំងប្រយុទ្ធរបស់ពួកតាលីបង់  នឹងឈរជើងប្រចាំការនៅតាមគ្រប់ច្រកចូលទាំងអស់ របស់ទីក្រុងកាប៊ុល រហូតដល់ការផ្ទេរអំណាច ប្រកបដោយសនិ្តវិធីនិងដោយការពេញចិត្ត ត្រូវបានយល់ព្រម”៕ 

To Top