ព័ត៌មានអន្តរជាតិ

Top News៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន ចាកចេញពីប្រទេស ក្រុមតាលីបង់គ្រប់គ្រង បានទីក្រុងកាប៊ុលហើយ

កាប៊ុល៖ ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Mohammad Ashraf Ghani បានចាកចេញពីប្រទេស នៅយប់ថ្ងៃអាទិត្យម្សិលមិញនេះ ខណៈដែលកងកម្លាំងតាលីបង់ បានចូលរដ្ឋធានីកាប៊ុល និងបានកាន់កាប់វិមាន ប្រធានាធិបតីហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Ghani បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុក របស់លោកកាលពីល្ងាចថ្ងៃអាទិត្យថា លោកបានចាកចេញពីប្រទេស ដោយនិយាយថា វិធានការនេះ គឺដើម្បីការពារការបង្ហូរឈាម។

លោកបានលើកឡើហថា “ប្រសិនបើនៅតែមាន ជនរួមជាតិរាប់មិនអស់ ដែលត្រូវបានធ្វើឃាត ហើយពួកគេនឹងប្រឈមមុខនឹង ការបំផ្លិចបំផ្លាញ និងបំផ្លាញទីក្រុងកាប៊ុល នោះលទ្ធផលនឹងក្លាយ ជាគ្រោះមហន្តរាយមនុស្សជាតិ ដ៏ធំនៅក្នុងទីក្រុង” ។

លោកបានបន្ដថា ឥឡូវនេះក្រុមតាលីបង់ ទទួលខុសត្រូវចំពោះការការពារកិត្តិយស និងទ្រព្យសម្បត្តិរបស់ប្រជាជន អាហ្វហ្គានីស្ថាន ដោយបន្ថែមថា លោកនឹងបន្តបម្រើប្រទេសជាតិ។

ផ្ទាំងពាណិជ្ជកម្ម

លោកមិនបាននិយាយពីទីតាំង បច្ចុប្បន្នរបស់លោកនៅក្នុង ការបង្ហោះហ្វេសប៊ុកនោះទេ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា លោកបានភៀសខ្លួន ទៅអ៊ូសបេគីស្ថាន ជាមួយភរិយារបស់លោក។

នៅក្នុងនោះដែរមន្រ្តីក្រសួងមហាផ្ទៃ ជាន់ខ្ពស់ម្នាក់បានលើកឡើង នៅព្រឹកថ្ងៃនេះថា លោកកំពុងធ្វើដំណើរ ទៅតាហ្ស៊ីគីស្ថាន ខណៈមន្រ្តីក្រសួងការបរទេសម្នាក់ លើកឡើងថា ទិសដៅរបស់លោកនៅតែ មិនទាន់ដឹងច្បាស់នៅឡើយ ៕

ដោយ ឈូក បូរ៉ា

To Top