បរទេស៖ ក្រោយមួយថ្ងៃបន្ទាប់ពី រដ្ឋាភិបាលអាហ្វហ្គានីស្ថានដួលរលំ និងរដ្ឋធានីធ្លាក់ក្នុងកណ្ដាប់ដៃ ពួកបះបោរនោះ នៅថ្ងៃចន្ទនេះ តំណាងពិសេសប្រចាំ នៅអាហ្វហ្គានីស្ថាន របស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បាននិយាយថា រុស្ស៊ីកំពុងតែទាក់ទង ជាមួយមន្ត្រីពួកតាលីបង់ តាមរយៈស្ថានទូតខ្លួន នៅក្នុងទីក្រុងកាប៊ុល។
នៅក្នុងបទសម្ភាសន៍មួយ លោក Zamir Kabulov ជាតំណាងពិសេសរុស្ស៊ី បាននិយាយប្រាប់សារព័ត៌មាន យ៉ាងដូច្នេះថា “ពួកគេកំពុងតែពិភាក្សាគ្នា នៅក្នុងទីក្រុងកាប៊ុល ហើយក្នុងពេលបច្ចុប្បន្ននេះ ការទាក់ទងទំាងអស់ ត្រូវបានធ្វើឡើង។ ស្ថានទូតកំពុងតែដោះស្រាយ ជាមួយរឿងនេះ”។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ការទំនាក់ទំនងគ្នានោះ បានចាប់ផ្តើមឡើង នៅពេលដែលពួកតាលីបង់ ដាក់ពង្រាយកងកម្លាំងការពារស្ថានទូតរុស្ស៊ី ក្រោយពួកបះបោរនេះ ដណ្ដើមបានទីក្រុងកាប៊ុល។
លោក Zamir Kabulov បានមានប្រសាសន៍យ៉ាងដូច្នេះថា “វាបានប្រព្រឹត្តទៅយ៉ាងស្ងាត់ៗ ដោយគ្មានហេតុការណ៍អ្វីឡើយ ហើយពួកគេ (ពួកតាលីបង់) បានមកនិងការពារស្ថានទូត។ ស្ថានទូតរបស់យើង នឹងស្ថិតនៅក្នុងទំនាក់ទំនង ជាមួយតំណាងពិសេស នៃថ្នាក់ដឹកនាំជាន់ខ្ពស់ពួកតាលីបង់ ដើម្បីចេញនូវយន្តការអចិន្ត្រៃយ៍នៃ ការធានាសុវត្ថិភាពដល់ ស្ថានទូតរបស់យើង” ៕
ប្រែសម្រួល៖ ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
