ព័ត៌មានអន្តរជាតិ

ពួកតាលីបង់ ដាក់កម្លាំងការពារស្ថានទូតរុស្ស៊ី នៅទីក្រុងកាប៊ុល

បរទេស៖ ប្រេសិតពិសេសរបស់ លោកប្រធានាធិបតីរុស្ស៊ី ប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន លោក Zamir Kabulov បានមានប្រសាសន៍ ប្រាប់នៅថ្ងៃចន្ទនេះថា ពួកបះបោរតាលីបង់ បានធ្វើការដាក់កងកម្លាំងនៅខាងក្រៅ ដើម្បីការពារស្ថានទូតរុស្ស៊ី ក្នុងទីក្រុងកាប៊ុលរួចរាល់ហើយ។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានផ្លូវការរុស្ស៊ី TASS នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Zamir Kabulov បាននិយាយយ៉ាងដូច្នេះថា “ពួកគេបានដាក់រួចរាល់ហើយ នូវបរិវេណខាងក្រៅ នៃស្ថានទូតរុស្ស៊ីប្រចាំនៅក្នុងទីក្រុងកាប៊ុល ក្រោមកិច្ចការពារ”។

នៅថ្ងៃអង្គារស្អែកនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ ក្នុងប្រទេសអាហ្វហ្គានីស្ថាន លោក Dmitry Zhirnov នឹងជួបគ្នាជាមួយមន្ត្រី សម្របសម្រួលតាលីបង់ ដើម្បីពិភាក្សាគ្នាអំពីសន្តិសុខ សម្រាប់បេសកកម្មការទូតរបស់រុស្ស៊ី នៅអាហ្វហ្គានីស្ថាន។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ពួកបះបោរតាលីបង់ បានចូលទៅក្នុងទីក្រុងកាប៊ុល ដោយគ្មានការប្រយុទ្ធគ្នា និងបានគ្រប់គ្រងលើទីភ្នាក់ងាររដ្ឋាភិបាល ដែលកងកម្លាំងរដ្ឋាភិបាល បានបោះបង់ចោល។ ប្រធានាធិបតីអាហ្វហ្គានីស្ថាន បានភៀសខ្លួនចេញពីប្រទេស ហើយក្រោយមក ពួកតាលីបង់បានប្រកាសថា ខ្លួនបានគ្រប់គ្រងលើស្រុកទាំងអស់ នៃរដ្ឋធានីអាហ្វហ្គានីស្ថាន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top