ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីវេណេស៊ុយអេឡា ចុះកិច្ចព្រមព្រៀង ជាមួយបក្សប្រឆាំង ដើម្បីចាប់ផ្តើមចរចាគ្នា

បរទេស៖ នៅសប្តាហ៍នេះអ្នកតំណាង ឲ្យប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro និងក្រុមអ្នកតំណាងបក្សប្រឆាំង បានឈានទៅដល់ការ ចុះកិច្ចព្រមព្រៀងគ្នាហើយ នៅក្នុងទីក្រុងមិកស៊ិក ដើម្បីឲ្យភាគីទាំងសងខាង អាចចាប់ផ្តើមចរចាគ្នាបានឡើងវិញ។

កិច្ចចរចាគ្នាដែលនឹងធ្វើឡើង រំពឹងទុកថា នឹងអាចជួយដល់កិច្ចការងារ ក្នុងការបញ្ចប់ទៅនៃបញ្ហានយោបាយ ដែលបានជាប់គាំងអស់រយៈពេលជាង ៥ឆ្នាំមកហើយព្រមទាំង ទៅលើបញ្ហាដួលរលំនៃ សេដ្ឋកិច្ចជាតិផងដែរ។

ប្រធានក្រុមអ្នកចរចា របស់បក្សប្រឆាំងលោក Gerardo Blyde បាននិយាយថាភាគីទាំងសងខាង បានបង្ហាញពីបំណង និងការប្តេជ្ញាចិត្តដូចគ្នាចំពោះបញ្ហា ដែលវេណេស៊ុយអេឡា កំពុងជួបនិងត្រូវបានចាត់ទុកថា ជាវិបត្តិដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រ។

គួរឲ្យដឹងដែរថា កិច្ចព្រមព្រៀងដែលបានយល់ព្រមគ្នា ត្រូវបានពិភាក្សាគ្នារួចរាល់ហើយផងដែរ ទាំងពេលវេលាសម្រាប់ជំនួបគ្នា ទៅលើការបោះឆ្នោតជាតិ ព្រមទាំងការចូលរួមពីសំណាក់ អ្នកអង្កេតការណ៍អន្តរជាតិ និងក៏ដូចជារបៀបនៃការដកទណ្ឌកម្ម ចេញពីប្រទេសវេណេស៊ុយអេឡាផង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top