ព័ត៌មានអន្តរជាតិ

ចិន គោរពជម្រើស របស់ប្រជាជន អាហ្វហ្គានីស្ថាន និងជំរុញឲ្យមានការផ្លាស់ប្ដូរ អំណាចដោយសន្ដិភាព

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ប្រទេសចិន គោរពជម្រើសរបស់ប្រជាជន អាហ្វហ្គានីស្ថាន ហើយសង្ឃឹមថា នឹងមានការផ្លាស់ប្តូរអំណាច ដោយរលូន នៅក្នុងស្ថានភាព អាហ្វហ្គានីស្ថានបច្ចុប្បន្ន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ក្រុមតាលីបង់ បានឲ្យដឹងថា សង្គ្រាមនៅអាហ្វហ្គានីស្ថាន បានបញ្ចប់ហើយពួកគេនឹងប្រកាសពីការបង្កើតអារ៉ាប់អ៊ីស្លាមអាហ្វហ្កានីស្ថាននាពេលឆាប់ៗនេះ ក្រោយពីដណ្ដើមបានរដ្ឋធានីទាំងស្រុង ពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ។ ពួកគេនឹងចាត់វិធានការប្រកប ដោយការទទួលខុសត្រូវ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ អាហ្វហ្គានីស្ថាន និងបេសកកម្មបរទេស នៅអាហ្វហ្គានីស្ថាន ។

ជាការឆ្លើយតបអ្នកនាំពាក្យចិនលោកស្រី ហួ ឈុនយីង បានលើកឡើងថា ស្ថានភាពនៅអាហ្វហ្គានីស្ថាន បានឆ្លងកាត់ការផ្លាស់ប្តូរធំ ៗ ហើយចិន គោរពបំណង និងជម្រើសរបស់ប្រជាជនអាហ្វហ្កានីស្ថាន។

លោកស្រី បានបន្ដថា ប្រទេសចិនរំពឹងថា ក្រុម តាលីបង់ នឹងបំពេញការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធានាឱ្យមានការផ្លាស់ប្តូរ ស្ថានភាពនៅអាហ្វហ្គានីស្ថាន ដោយរលូន ទប់ស្កាត់ អំពើភេរវកម្ម និងអំពើឧក្រិដ្ឋកម្ម គ្រប់ប្រភេទ ធ្វើឱ្យប្រជាជនអាហ្វហ្គានីស្ថាន នៅឆ្ងាយពីសង្គ្រាម និងកសាងមាតុភូមិ ដ៏ស្រស់ស្អាតរបស់ពួកគេឡើងវិញ ។

ដើម្បីឆ្លើយតបទៅនឹងសំណួរថា តើចិនមានទំនាក់ទំនង ជាមួយតាលីបង់ និងទទួលស្គាល់របបតាលីបង់ ឬអត់ លោកស្រី ហួ បានលើកឡើងថា ចិន បានរក្សាទំនាក់ទំនងជាមួយ តាលីបង់ អាហ្វហ្គានីស្ថាន ដោយឈរលើការគោរពយ៉ាងពេញលេញ ចំពោះអធិបតេយ្យភាពជាតិ អាហ្វហ្កានីស្ថាន និងឆន្ទៈរបស់គ្រប់បក្សទាំងអស់ នៅក្នុងប្រទេស។ ហើយតែងតែដើរតួនាទីស្ថាបនា ក្នុងការលើកកម្ពស់ការដោះស្រាយ នយោបាយនៃបញ្ហាអាហ្វហ្គានីស្ថាន ។

លោកស្រីបានបន្ថែមថា“ យើងសង្ឃឹមថា ក្រុមតាលីបង់ នឹងរួបរួមជាមួយគ្រប់ភាគី និងក្រុមជនជាតិភាគតិចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីបង្កើតរចនាសម្ព័ន្ធនយោបាយទូលំទូលាយ និងរួមបញ្ចូលគ្នា ដែលសមស្របនឹង លក្ខខណ្ឌជាតិរបស់ខ្លួន ដើម្បីដាក់មូលដ្ឋានគ្រឹះ សម្រាប់ការបង្កើតសន្តិភាព យូរអង្វែងនៅអាហ្វហ្គានីស្ថាន”៕

To Top