ព័ត៌មានអន្តរជាតិ

ប្រមុខការទូត​ មហាអំណាចអាមេរិក-ចិន ផ្លាស់ប្ដូរទស្សនគ្នា ជុំវិញទំនាក់ទំនងទ្វេភាគី

ប៉េកាំង៖ ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានផ្លាស់ប្តូរទស្សនៈជាមួយរដ្ឋមន្ត្រីការបរទេស អាមេរិកលោក អាន់តូនី ប្លីងខេន តាមទូរស័ព្ទស្តីពីទំនាក់ទំនងទ្វេភាគី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក វ៉ាង យី បានលើកឡើងថា ទាំងចិន និងសហរដ្ឋអាមេរិក គឺជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាអ្នកចូលរួមដ៏សំខាន់ នៅក្នុងប្រព័ន្ធអន្តរជាតិសហសម័យ។

លោក វ៉ាង យី បានបន្ថែមថា ដោយប្រឈមមុខនឹង បញ្ហាប្រឈមសកល និងបញ្ហាបន្ទាន់ក្នុងតំបន់ប្រទេសទាំងពីរ គួរតែអនុវត្តការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ដែលជាអ្វីដែលសហគមន៍ អន្តរជាតិកំពុងទន្ទឹងរង់ចាំ។

សម្រាប់លោក ប្លីងខេន បានលើកឡើងថា វាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សហរដ្ឋអាមេរិក និងចិន ក្នុងការរក្សាទំនាក់ទំនងនៅលើបញ្ហាអន្តរជាតិ និងតំបន់ធំៗ ។

លោក ប្លីងខេន បានលើកឡើងថា លោកយល់ស្របថា វាគឺជាគោលដៅរួមមួយ សម្រាប់ សហរដ្ឋអាមេរិក និងចិន ដើម្បីសម្រេចបាននូវការរួមរស់ ដោយសន្តិវិធីដោយសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងស្វែងរក និងអនុវត្តកិច្ចសហប្រតិបត្តិការ។

ជាការពិតក៏មានភាពខុសគ្នាយ៉ាងច្បាស់រវាងភាគីទាំងពីរដែរ ដោយបន្ថែមថា ចំណុចទាំងនោះអាចត្រូវបានដោះស្រាយជាបណ្តើរៗ ក្នុងន័យស្ថាបនានៅថ្ងៃខាងមុខ ៕ដោយ ឈូក បូរ៉ា

To Top