តូក្យូ៖ ប្រទេសជប៉ុន គឺជាប្រទេសផ្តល់ជំនួយ អភិវឌ្ឍន៍ធំបំផុតក្នុងការ ឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ច និងសុខភាពពីជំងឺកូវីដ-១៩ ក្នុងចំណោមក្រុម ប្រទេសឧស្សាហកម្មទាំង ៧ ក្នុងឆ្នាំ ២០២០ បើទោះបីជាសេដ្ឋកិច្ចរបស់ខ្លួន បានរងផលប៉ះពាល់អំឡុង ពេលមានជំងឺរាតត្បាតក៏ដោយ នេះបើយោងតាម ការសិក្សាឯករាជ្យមួយ ។
ប្រទេសជប៉ុន បានប្តេជ្ញាផ្តល់ជំនួយថ្មីចំនួន ៥,១ពាន់លានដុល្លារកាលពីឆ្នាំមុន បើប្រៀបធៀបទៅនឹង ៤,៤ ពាន់លានដុល្លារ ដែលអាល្លឺម៉ង់ បានសន្យា ហើយ ១,៩ ពាន់លានដុល្លារ ដោយបារាំង និង ១,០ ពាន់លានដុល្លារដោយកាណាដា។
ប្រភពបានឲ្យដឹងថា “ប្រសិនបើអ្នកប្រៀបធៀប ទិន្នន័យក្នុងចំណោមសមាជិក G-7 យើងអាចមើលឃើញថា ប្រទេសជប៉ុន បានដើរតួយ៉ាងសំខាន់ក្នុងនាម ជាម្ចាស់ជំនួយដ៏សំខាន់ សូម្បីតែនៅពេលមាន វិបត្តិកូរ៉ូណាក៏ដោយ” នេះបើតាមសម្តីរបស់លោក Kodera ដែលបច្ចុប្បន្នជាអ្នកស្រាវជ្រាវ ជាន់ខ្ពស់នៅអង្គការ ODI ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។
ភាគច្រើននៃ ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន ៥,១ ពាន់លានដុល្លារ ដែលបានមកពីការធ្លាក់ចុះ ៤,៨ ភាគរយនៃផលិតផល ក្នុងស្រុកសរុបរបស់ជប៉ុន នៅឆ្នាំ២០២០ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងបំផុតទីពីរ នៅលើកំណត់ត្រា គឺផ្តោតលើប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសនៅអាស៊ី និងស្ថាប័នពហុភាគី ដើម្បីជួយនៅក្នុងការ ប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ និងវិបត្តិសេដ្ឋកិច្ច។
ទោះយ៉ាងណាលោក Kodera បានសម្ដែងក្ដីរំពឹងថា សហរដ្ឋអាមេរិក នឹងវ៉ាដាច់ប្រទេសជប៉ុន ក្នុងនាមជាអ្នកផ្តល់ជំនួយកំពូល ក្នុងចំណោមក្រុមប្រទេស G-7 នៅឆ្នាំ២០២១ មួយផ្នែកដោយសារតែរដ្ឋបាល របស់លោកប្រធានាធិបតី ចូ បៃដិន បានពង្រីកថវិកាចំនួន ២ ពាន់លានដុល្លារដល់កម្មវិធី ចែករំលែកវ៉ាក់សាំងសកលរបស់ COVAX ដែលជាការរួមចំណែកហិរញ្ញវត្ថុធំបំផុត ដល់អង្គការសហប្រជាជាតិ។ ហើយក៏ជាគំនិតផ្តួចផ្តើមគាំទ្រ ដែលត្រូវបានរារាំងដោយ ប្រធានាធិបតីមុនលោក ដូណាល់ ត្រាំ ផដែរ ៕
ដោយ ឈូក បូរ៉ា