Covid-19

ទូតចិនប្រចាំកម្ពុជា ដកស្រង់សំដីលោកស្រី Hua Chunying ថា ការស្វែង រកប្រភពដើមនៃវីរុសកូវីដ១៩ មិនគួរក្លាយជា ឧបករណ៍នយោបាយ

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានដកស្រងនូវ ប្រសាសន៍របស់លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន មកបង្ហាញថា ការស្វែងរកប្រភពដើម នៃជំងឺវីរុសកូវីដ១៩ គួរតែផ្អែកលើមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រ មិនគួរធ្វើឲ្យក្លាយទៅជាឧបករណ៍ ក្នុងការចោទប្រកាន់គ្នា ទៅវិញទៅមក ឬឧបករណ៍នយោបាយឡើយ។

នេះមិនមែនជាលើកទី១ទេ ដែលប្រទេសចិន បានចេញមុខបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងការចូលរួមស្វែងរកប្រភពដើម នៃជំងឺវីរុសកូវីដ១៩។

យោងតាមស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា «ភាគីចិនឆ្លើយតបទៅនឹង សេចក្តីថ្លែងការណ៍ របស់លេខាធិការដ្ឋាន នៃអង្គការសុខភាពពិភពលោក ស្តីពីការស្វែងរកប្រភពដើម នៃជំងឺវីរុសកូវីដជំហានបន្ទាប់នាថ្ងៃទី១៦ ខែសីហា ។ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន ក្នុងសន្និសីទសារព័ត៌មាន បានឆ្លើយតបទៅនឹងការលើកឡើង របស់ក្រុមសារព័ត៌មាន ស្តីពីសេចក្តីថ្លែងការណ៍ របស់លេខាធិការដ្ឋាន អង្គការសុខភាពពិភពលោក(WHO)ក្នុងការស្វែងរកប្រភពដើម នៃជំងឺវីរុសកូវីដ នៅជំហានបន្ទាប់” ។

លោកស្រីលើកឡើងថា ភាគីចិនបានកត់សំគាល់លើ សេចក្តីថ្លែងការណ៍នេះដែល ធ្វើឡើងដោយលេខាធិការដ្ឋាន នៃអង្គការ WHO កាលពីនៅថ្ងៃទី១២ សីហា សង្កត់ធ្ងន់លើការស្វែងរក ប្រភពដើមនៃជំងឺវីរុស ។ ជំហានបន្ទាប់គួរតែផ្អែកលើមូលដ្ឋានគ្រឹះ នៃជំហានដំបូង អនុវត្តតាមអនុសាសន៍នៃរបាយការណ៍ ស្រាវជ្រាវរួមគ្នារវាងចិន-WHO។

លោកស្រីយល់ថា “ការស្វែងរកប្រភពដើម នៃជំងឺវីរុសគួរតែផ្អែកលើមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រ មិនគួរក្លាយជាឧបករណ៍ ក្នុងការចោទប្រកាន់គ្នា ទៅវិញទៅមក ឬឧបករណ៍នយោបាយឡើយ។ ទស្សនៈទាំងនេះគួរតែ ទទួលបានការអនុវត្ត ក្នុងការងារពាក់ព័ន្ធ របស់អង្គការWHO” ។

លោកស្រីបន្តទៀតថា កាលពីសប្តាហ៍មុន ក្រសួងការបរទេសបានរៀបចំ សន្និសីទសារព័ត៌មាន សម្រាប់ប្រេសិតការទូតប្រចាំចិន ស្តីពីការស្វែងរកប្រភពដើមនៃជំងឺវីរុស ដោយបានពន្យល់យ៉ាងច្បាស់ អំពីគោលជំហររបស់ចិន និងវឌ្ឍនភាពការងារចុងក្រោយ សម្រាប់បញ្ហាមួយនេះ។

លោកស្រីចង់បញ្ជាក់ថា WHO ជាស្ថាប័នមួយរបស់ប្រទេសជាសមាជិក។ ការងារស្វែងរកប្រភពដើម នៃជំងឺវីរុសមានសារៈសំខាន់យ៉ាងខ្លាំង ហើយការងារស្វែងរក ប្រភពដើមជំងឺវីរុសជំហានបន្ទាប់ ត្រូវដឹកនាំដោយប្រទេសជាសមាជិក។ លេខាធិការដ្ឋានគួរតែ ពិគ្រោះយោបល់យ៉ាងពេញលេញ ជាមួយប្រទេសជាសមាជិក លើផែនការការងារជាសកលមួយនេះ ដោយរួមបញ្ចូលទាំងយន្តការ បន្តបន្ទាប់ អនុវត្តយ៉ាងម៉ឺងម៉ាត់ នូវសេចក្តីសម្រេចពាក់ព័ន្ធរបស់ WHA គោរពយោបល់ របស់ប្រទេសជាសមាជិក និងរឹតតែកំណត់ពិភាក្សា ជាមួយប្រទេសពាក់ព័ន្ធផ្ទាល់ លើផែនការស្វែងរកប្រភពដើមនៃជំងឺវីរុស។ បង្កើតកិច្ចសហប្រតិបត្តិការ ដ៏មានប្រសិទ្ធភាព ដោយឈរលើមូលដ្ឋានគ្រឹះមួយនេះ ៕

To Top