ព័ត៌មានអន្តរជាតិ

ចិន សម្ដែងក្ដីសង្ឃឹមថា របបថ្មីនៅអាហ្វហ្គានីស្ថាន នឹងផ្ដាច់ខ្លួនចេញពីក្រុមភេរវករ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ប្រទេសចិន លើកទឹកចិត្តក្រុមតាលីបង់ អាហ្វហ្គានីស្ថាន ឱ្យប្រកាន់យកគោលនយោបាយ សាសនាកម្រិតមធ្យម ហើយសង្ឃឹមថា របបអាហ្វហ្គានីស្ថានថ្មី អាចធ្វើឱ្យមានភាពស្អាតស្អំ ជាមួយកងកម្លាំងភេរវករ អន្តរជាតិគ្រប់ប្រភេទ។

អ្នកនាំពាក្យលោកស្រី ហួ ឈុនយីង បានប្រាប់សារព័ត៌មានប្រចាំថ្ងៃ សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា ចិន សង្ឃឹមថា ក្រុមតាលីបង់ អាចធ្វើការជាមួយគ្រប់ភាគី ក្នុងការបង្កើតក្របខ័ណ្ឌ នយោបាយបើកចំហ និងរួមបញ្ចូល និងបន្តគោលនយោបាយការបរទេស ប្រកបដោយសន្តិភាព និងមិត្តភាពជាពិសេសការអភិវឌ្ឍ ទំនាក់ទំនងមិត្តភាព ជាមួយប្រទេសជិតខាង ដើម្បីសម្រេចបាននូវការកសាងឡើងវិញ និងការអភិវឌ្ឍអាហ្វហ្គានីស្ថាន។

លោកស្រី បានលើកឡើងថា របបអាហ្វហ្គានីស្ថានថ្មី គួរតែរារាំង និងបង្រ្កាបក្រុមភេរវករ រួមទាំងចលនាអ៊ីស្លាមទួគីស្តាន់ខាងកើត ដើម្បីការពារអាហ្វហ្គានីស្ថាន មិនឱ្យក្លាយជាកន្លែងប្រមូលផ្តុំរបស់កងកម្លាំងភេរវករ និងក្រុមជ្រុលនិយមជាថ្មីម្តងទៀត។

ផ្ទាំងពាណិជ្ជកម្ម

ដោយកត់សម្គាល់ថា ប្រទេសចិន គឺជាប្រទេសជិតខាងធំបំផុត របស់អាហ្វហ្គានីស្ថាន លោកស្រីហួ បានលើកឡើងថា ចិន តែងតែគោរពឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដីរបស់អាហ្វហ្គានីស្ថាន ដោយប្រកាន់ខ្ជាប់នូវការមិន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន និងបានបន្តគោលនយោបាយមិត្តភាព ចំពោះប្រជាជន អាហ្វហ្គានីស្ថានទាំងអស់។

លោកស្រី បានបញ្ជាក់បន្ថែមថា “អស់រយៈពេលជាយូរ មកហើយប្រទេសចិន បានរក្សាទំនាក់ទំនងជាមួយក្រុមតាលីបង់ អាហ្វហ្គានីស្ថាន ដោយផ្អែកលើការគោរព យ៉ាងពេញលេញ ចំពោះអធិបតេយ្យភាពជាតិ របស់អាហ្វហ្គានីស្ថាន និងឆន្ទៈរបស់បក្សពួកផ្សេងៗ នៅក្នុងប្រទេសនេះ ហើយបានដើរតួនាទីស្ថាបនា ក្នុងការលើកកម្ពស់ការដោះស្រាយ នយោបាយនៃបញ្ហាអាហ្វហ្គានីស្ថាន” ៕

ដោយ ឈូក បូរ៉ា

To Top