ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានណែនាំគ្រប់វត្តអារាមទូទាំងប្រទេស ត្រូវវាយស្គរ គោះជួង ដើម្បីបួងសួងសុំសេចក្តីសុខ ជៀសផុតពីជំងឺកូវីដ១៩ និងការជួញដូរមនុស្ស នៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។
ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ.) តែងតែបានសហការ ជាមួយ ក្រសួងធម្មការ និងមេដឹកនាំសាសនាធំៗនៅកម្ពុជា ដើម្បីរៀបចំកម្មវិធីអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស ក្នុងគោលបំណងបួងសួង ឲ្យប្រជាជនកម្ពុជា ក៏ដូចជា ប្រជាជនលើពិភពលោកទទួលបាន សេចក្តីសុខជៀសផុតពីការរំលោភបំពាន និងអំពើជួញដូរមនុស្ស ដែលជាទាសភាពសម័យទំនើប។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងធម្មការ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា កម្មវិធីអន្តរសាសនា ប្រឆាំងការជួញដូរមនុស្សឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងផ្តល់កិត្តិយស អានសុន្ទរកថាបើកកម្មវិធី ក្រោមប្រធានបទ «សូមពិភពលោក រួចផុតពីជំងឺរាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្ស» នឹងចាក់ផ្សាយព្រមៗគ្នា គ្រប់ប៉ុស្តិ៍ទូរទស្សន៍ រដ្ឋ-ឯកជន និងបណ្តាញព័ត៌មាន និងបណ្តាញសង្គម។
ក្រសួងធម្មការ បានបញ្ជាក់ថា «ដើម្បីញ៉ាំងកម្មវិធីនេះ ឲ្យបានជ្រួតជ្រាបដល់គ្រប់ស្រទាប់ មហាជនទាំងក្នុងប្រទេស និងក្រៅប្រទេស ក្រសួងធម្មការ សូមធ្វើការណែនាំ ដូចជា ៖ គ្រប់វត្តអារាម និងព្រះវិហារនៃគ្រប់សាសនា ត្រូវបន្លឺសម្លេងស្គរ ជួងកងរំពង នៅវេលាម៉ោង ៦ល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១»។
ជាងនេះទៅទៀត គ្រប់វត្តអារាម និងព្រះវិហារនៃគ្រប់សាសនា ត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេស ត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវវិធានការ «៣កុំ ៣ការពារ» របស់ រាជរដ្ឋាភិបាលកម្ពុជា ៕
