ព័ត៌មានអន្តរជាតិ

បណ្ដាប្រទេសនៅអឺរ៉ុប បន្ដជម្លៀសពលរដ្ឋខ្លួន ចេញពីអាហ្វហ្គានីស្ថាន

ព្រុចសែល៖ បណ្តាប្រទេសអ៊ឺរ៉ុប កំពុងបន្តកិច្ចខិតខំប្រឹងប្រែងជម្លៀសប្រជាជនរបស់ពួកគេ ដើម្បីជួយជនជាតិរបស់ពួកគេចេញពីអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ បានចូលរដ្ឋធានី និងដណ្តើមបានផ្នែកភាគច្រើននៃប្រទេសមួយនេះ។

យោងរាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា រដ្ឋាភិបាល បែលហ្ស៊ិក បានអនុញ្ញាតឱ្យបើកប្រតិបត្តិការជម្លៀសមនុស្ស នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិ ដែលបានចេញនៅថ្ងៃអង្គារម្សិលមិញនេះ។

យន្តហោះទីមួយដែលមានឈ្មោះថា Falcon 7-X បានចេញដំណើរពីរសៀលថ្ងៃអង្គារពីទីក្រុង Melsbroek ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ដែលនឹងត្រូវបន្តដោយយន្តហោះ A400M និងយន្តហោះ C-130 ចំនួន ២ គ្រឿងនេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិលោក Ludivine Dedonder ។

ប្រភពពីក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសរ៉ូម៉ានី បានបញ្ជូនយន្តហោះមួយគ្រឿងទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារដូចគ្នានោះដែរ ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន។

ជាមួយគ្នានេះដែរ ក្រសួងការបរទេសរ៉ូម៉ានី បានឲ្យដឹងថា ពលរដ្ឋរ៉ូម៉ានីចំនួន ២៧ នាក់នៅតែស្ថិតក្នុងប្រទេសអាហ្វហ្គានីស្ថានដដែល បន្ទាប់ពីមាន ១៦ នាក់បានចាកចេញពីប្រទេសកាលពីយប់មិញ។

រ៉ូម៉ានី បានបញ្ជូនយោធាជាលើកដំបូងទៅកាន់អាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០០២ ហើយចាប់តាំងពីពេលនោះមកទាហានរបស់ខ្លួនចំនួន ២៧ នាក់បានបាត់បង់ជីវិតក្នុងការប្រយុទ្ធ ខណៈដែលប្រហែល ២០០ នាក់បានរងរបួសធ្ងន់ស្រាល។

កងទ័ពអាកាសអេស្ប៉ាញ ក៏បានបញ្ជូនយន្តហោះដឹកជញ្ជូនយោធាចំនួន ២ គ្រឿង ដើម្បី ជួយដល់ការជម្លៀសជនជាតិអេស្ប៉ាញ និងជនជាតិអាហ្វហ្គានីស្ថាន ដែលបានធ្វើការជាមួយជនជាតិអេស្ប៉ាញ កាលពីប៉ុន្មានឆ្នាំមុន៕

ដោយ ឈូក បូរ៉ា

To Top