បរទេស៖ ចាប់តាំងពីការដកទ័ពអាមេរិក និងណាតូ ចេញពីប្រទេសអាហ្វហ្គានីស្ថាន កាលពីខែកក្កដា ក្រុមតាលីបង់បានគ្រប់គ្រងយ៉ាងឆាប់រហ័សលើផ្នែកធំ ៗ នៃប្រទេស ហើយប្រធានាធិបតីប្រទេសនេះ បានរត់ភៀ់សខ្លួន។
យោងតាមសារព័ត៌មាន DownToEarth របស់ប្រទេសឥណ្ឌា ចេញផ្សាយកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ដោយសារភាពជោគជ័យរបស់ពួកគេ កង្វះការតស៊ូដោយកងកម្លាំងអាហ្វហ្គានីស្ថាន និងសម្ពាធអន្តរជាតិតិចតួចនោះ គឺក្រុមតាលីបង់បានបង្កើនអំពើហឹង្សារបស់ពួកគេ។ សម្រាប់ស្ត្រីអាហ្វហ្គានីស្ថានការបង្កើនអំណាចរបស់តាលីបង់ គឺគួរឱ្យភ័យខ្លាច។
កាលពីដើមខែកក្កដា បន្ទាប់ពីមេដឹកនាំតាលីបង់ ដែលបានកាន់កាប់ខេត្ត Badakhshan និងខេត្ត Takhar ក្រុមនេះ បានចេញបញ្ជាឱ្យមេដឹកនាំសាសនាក្នុងស្រុក ផ្តល់ឱ្យពួកគេនូវបញ្ជីឈ្មោះក្មេងស្រីអាយុលើសពី ១៥ ឆ្នាំ និងស្ត្រីមេម៉ាយអាយុក្រោម ៤៥ ឆ្នាំ សម្រាប់“ រៀបការ” ជាមួយអ្នកប្រយុទ្ធតាលីបង់។ គេនៅមិនទាន់ដឹងថា តើពួកគេគោរពតាម ឬយ៉ាងណាទេ។
ប្រសិនបើអាពាហ៍ពិពាហ៍បង្ខំទាំងនេះកើតឡើង ស្ត្រីនិងក្មេងស្រីទាំងនោះ នឹងត្រូវនាំទៅតំបន់ Waziristan នៅប្រទេសប៉ាគីស្ថាន ដើម្បីទទួលបានការអប់រំឡើងវិញ ហើយប្តូរទៅជាសាសនាអ៊ីស្លាមពិតប្រាកដត្រឹមត្រូវតាមច្បាប់។
បទបញ្ជានេះបានបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះស្ត្រីនិងក្រុមគ្រួសាររបស់ពួកគេ ដែលរស់នៅក្នុងតំបន់ទាំងនេះហើយបានបង្ខំពួកគេឱ្យភៀសខ្លួន និងចូលរួមជាមួយក្រុមជនភៀសខ្លួនខាងក្នុង ដោយបន្ថែមគ្រោះមហន្តរាយមនុស្សធម៌ដែលកំពុងកើតមាននៅអាហ្វហ្គានីស្ថាន។ ក្នុងរយៈពេលតែបីខែចុងក្រោយនេះមនុស្ស ៩០០.០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ៕
ប្រែសម្រួលៈ ណៃ តុលា