ព័ត៌មានអន្តរជាតិ

លោក បៃដិន៖ លោកដឹងថា ការដកកងទ័ពអាមេរិក ចេញពីអាហ្វហ្គានីស្ថាន នឹងមានភាពវឹកវរកើតឡើង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC ថាលោកមិនឃើញមានវិធីដកថយពីអាហ្វហ្គានីស្ថានដោយគ្មាន“ ភាពវឹកវរកើតឡើងឡើយ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក បៃដិន ដែលកំពុងប្រឈមមុខនឹងការរិះគន់ពីសាធារណជនជុំវិញការជម្លៀសដ៏ច្របូកច្របល់នោះ បានការពារការសម្រេចចិត្តរបស់លោក ក្នុងការដកកងទ័ពអាមេរិក ចេញពីអាហ្វហ្គានីស្ថាន នៅក្នុងបទសម្ភាសន៍នេះ។

នៅពេលសួរថាតើការដកអាមេរិកអាចត្រូវបានដោះស្រាយបានល្អជាងនេះដែរទេ លោក បៃដិន បានឆ្លើយថា“ ទេខ្ញុំមិនគិតថា វាអាចត្រូវបានដោះស្រាយតាមវិធីនោះទេ មិនដឹងថាវាកើតឡើងយ៉ាងម៉េច “។

លោកបានលើកឡើងថា“ រឿងមួយដែលយើងមិនដឹង គឺថាតើក្រុមតាលីបង់ នឹងធ្វើអ្វីទាក់ទងនឹងការព្យាយាមរារាំងមនុស្សមិនឱ្យចេញក្រៅ។ ពួកគេកំពុងសហការអនុញ្ញាតឱ្យពលរដ្ឋអាមេរិកចេញក្រៅ ប៉ុន្តែយើងមានការលំបាកជាងមុន ក្នុងការដែលមានអ្នកដែលជួយយើងនៅពេលយើងនៅទីនោះ”។

លោកក៏បានឲ្យដឹងផងដែរថា យោធាអាមេរិក អាចពង្រីកបេសកកម្មរបស់ខ្លួននៅអាហ្វហ្គានីស្ថាន ហួសពីថ្ងៃទី៣១ ខែសីហា ដើម្បីជម្លៀសជនជាតិអាមេរិក ចេញពីប្រទេសនេះ។

បើតាមការលើកឡើងរបស់ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានឲ្យដឹងថា ក្រុមតាលីបង់ បានជូនដំណឹងដល់សហរដ្ឋអាមេរិកថា ពួកគេនឹងផ្តល់ការធ្វើដំណើរដោយសុវត្ថិភាពរបស់ជនស៊ីវិល ទៅកាន់ព្រលានយន្តហោះទីក្រុងកាប៊ុល៕

ដោយ ឈូក បូរ៉ា

To Top