ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្ដិសុខយូអិន សម្ដែងការព្រួយបារម្ភខ្លាំង ពីការគំរាមកំហែង ដោយក្រុមរដ្ឋអ៊ីស្លាម

យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការគំរាមកំហែងរបស់ក្រុមរដ្ឋអ៊ីស្លាម (IS) ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលត្រូវបានចេញផ្សាយបន្ទាប់ពី កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីក្រុមរដ្ឋអ៊ីស្លាម IS សមាជិកក្រុមប្រឹក្សាសន្តិសុខ បានកត់សម្គាល់ដោយមានការ ព្រួយបារម្ភយ៉ាងខ្លាំងថា ក្រុម IS និងក្រុមភេរវករដទៃទៀត នៅតែបន្តធ្វើអាជីវកម្ម ទាំងតាមអ៊ិនធឺណិត និងក្រៅបណ្តាញ ការរំខាន ការត្អូញត្អែរ និងវិបត្តិសេដ្ឋកិច្ច ជំងឺរាតត្បាតកូវីដ-១៩ ។

សមាជិកក្រុមប្រឹក្សា បានកត់សម្គាល់ដោយក្តីបារម្ភថា ក្រុមរដ្ឋអ៊ីស្លាម IS អាចទទួលបានមកវិញនូវ សមត្ថភាពក្នុងការបើកការវាយប្រហារ ឬរៀបចំការវាយប្រហារភេរវកម្មអន្តរជាតិ។

សមាជិកមានការព្រួយបារម្ភជាពិសេស ចំពោះការពង្រីកក្រុម IS នៅក្នុងតំបន់ជាច្រើនរួមទាំងនៅទ្វីបអាហ្វ្រិកផងដែរ ហើយបានទទួលស្គាល់ថា ឥទ្ធិពលដែលកំពុងកើនឡើងរបស់ក្រុម IS នៅអាហ្វ្រិក អាចមានផលប៉ះពាល់ ដល់សន្តិភាពសន្តិសុខ និងស្ថិរភាពក្នុងតំបន់។

សមាជិកក្រុមប្រឹក្សា បានគូសបញ្ជាក់ពីតម្រូវការ សម្រាប់វិធីសាស្រ្តក្នុងតំបន់ ដែលមានភាពស៊ីសង្វាក់ និងមានប្រសិទ្ធភាពព្រមទាំង បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃ ការឆ្លើយតបជាសកលជាបន្ទាន់ ដើម្បីគាំទ្រដល់បណ្តាប្រទេសអាហ្វ្រិក និងអង្គការថ្នាក់តំបន់។

ជាមួយគ្នានោះដែរ សមាជិកទាំងអស់ក៏បាន សង្កត់ធ្ងន់លើសារៈសំខាន់នៃវិធីសាស្រ្តរួម ដើម្បីប្រឆាំងភេរវកម្ម និងអំពើជ្រុលនិយម ដែលបង្កឱ្យមានអំពើភេរវកម្ម ព្រមទាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាអភិបាលកិច្ច សន្តិសុខសិទ្ធិមនុស្ស មនុស្សធម៌ ការអភិវឌ្ឍន៍ និងវិបត្តិសេដ្ឋកិច្ចសង្គម ៕

ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top