ព័ត៌មានអន្តរជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានអន្តរជាតិ សំខាន់ៗប្រចាំសប្ដាហ៍

ក្រុមតាលីបង់ គ្រប់គ្រងអាហ្វហ្គានីស្ថានជាថ្មី ក្រោយ ២០ឆ្នាំពីការវាយប្រហារ ដឹកនាំដោយអាមេរិក

កាប៊ុល៖ ក្រុមតាលីបង់ បានប្រកាសជ័យជំនះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីពួកគេបានកាន់កាប់ទីក្រុងកាប៊ុល ហើយប្រធានាធិបតីលោក Ashraf Ghani បានភៀសខ្លួនចេញពីប្រទេសកាលពីថ្ងៃអាទិត្យ ដែលជាការកត់សម្គាល់ការវិលត្រឡប់មកកាន់អំណាចរបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ២០ ឆ្នាំបន្ទាប់ពីការដកហូតអំណាចដោយកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រុមតាលីបង់ បានលើកឡើងថាសង្គ្រាមបានបញ្ចប់នៅអាហ្វហ្គានីស្ថាន ដោយបន្ថែមថា ក្រុមនេះមិនចង់រស់នៅឯកោទៀតនោះទេ និងចង់បង្កើតទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិឡើងវិញ។

មន្ត្រីជាន់ខ្ពស់បំផុតម្នាក់របស់ក្រុមតាលីបង់ បានលើកឡើងថា ជ័យជំនះយ៉ាងឆាប់រហ័សរបស់ចលនានេះទៅលើរដ្ឋាភិបាលអាហ្វហ្គានីស្ថាន គឺជាជោគជ័យមួយដែលមិនអាចប្រៀបផ្ទឹមបាន។

ប៉ុន្តែលោក Abdul Ghani Baradar ប្រធានការិយាល័យនយោបាយតាលីបង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយថាការសាកល្បងពិតប្រាកដនឹងចាប់ផ្តើមនៅពេលនេះ ដោយបំពេញតាមការរំពឹងទុករបស់ប្រជាជននិងបំរើពួកគេដោយដោះស្រាយបញ្ហារបស់ពួកគេ។

បន្ទាប់ពីភៀសខ្លួនចេញពីប្រទេសលោក Ashraf Ghani ដែលជាមេដឹកនាំជាប់ឆ្នោតរបស់ប្រទេសនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា លោកបានជ្រើសរើសចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដើម្បីការពារការបង្ហូរឈាមបន្ថែមទៀត៕ដោយ ឈូក បូរ៉ា

អ្នកលួចឡើងយន្តហោះជម្លៀសខ្លួន របស់អាមេរិកនៅអាហ្វហ្គានីស្ថាន ៣នាក់ ធ្លាក់ពីលើយន្តហោះស្លាប់, មនុស្សរាប់រយនាក់ រត់តាមកង់យន្តហោះដឹកជញ្ជូន C-17

បរទេស៖ មនុស្ស៨នាក់ បានស្លាប់នៅអាកាសយានដ្ឋានក្រុងកាប៊ុល ជាកន្លែងដែលប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលអស់សង្ឃឹម បាននាំគ្នាប្រវេសប្រវាសឡើងយន្តហោះយោធាអាមេរិក ហើយកងទ័ពអាមេរិកបានបាញ់ព្រមានលើអាកាស ចំពេលមានភាពច្របូកច្របល់ដើម្បីភៀសខ្លួនពីពួកតាលីបង់។

យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកលួចឡើងយន្តហោះចំនួន ៣ នាក់ ត្រូវបានគេជឿថា បានធ្លាក់ចុះពីលើយន្តហោះរហូតដល់ស្លាប់ ដោយវីដេអូបង្ហាញពីសាកសពធ្លាក់ពីក្រោមយន្តហោះដឹកអ្នកដំណើររបស់ USAF ខណៈដែលយន្តហោះបានហោះឡើងលើមេឃលើទីក្រុងដែលបានធ្លាក់កាលពីថ្ងៃច័ន្ទ។

វីដេអូដាច់ដោយឡែកមួយបានបង្ហាញពីមនុស្សរាប់រយនាក់កំពុងដេញតាមយន្តហោះដឹកជញ្ជូនរបស់អាមេរិក C-17 ពីក្រោមកង់របស់យន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិ ហាមីដកាហ្សៃ។

នៅមុននេះទាហានអាមេរិកបានបាញ់ព្រមានទៅលើអាកាស ដើម្បីរារាំងមនុស្សពីការបង្ខំឲ្យ ឡើងយន្តហោះដែលគ្រោងនឹងជម្លៀសអ្នកការទូតអាមេរិកនិងបុគ្គលិកស្ថានទូតចេញពីទីក្រុងដែលបានដួលរលំ៕ប្រែសម្រួលៈ ណៃ តុលា

ទូតរុស្ស៊ី ៖ ប្រធានាធិបតី អាហ្វហ្គានីស្ថាន លោក Ashraf Ghani ភៀ់សខ្លួនជាមួយឡាន ៤គ្រឿង ដឹកលុយពេញៗ

បរទេស ៖ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani បានភៀសខ្លួនចេញពីទីក្រុងកាប៊ុល ទៅកាន់តាជីគីស្ថាន បន្ទាប់ពីក្រុមសកម្ម ប្រយុទ្ធតាលីបង់ បានចូលរដ្ឋធានីអាហ្វហ្គានីស្ថាន ដោយគ្មានការប្រយុទ្ធគ្នា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យស្ថានទូតរុស្ស៊ីបានប្រាប់សារព័ត៌មាន Sputnik នៅថ្ងៃច័ន្ទនេះថា អតីតប្រធានាធិបតី អាហ្វហ្គានីស្ថានលោក Ashraf Ghani ដែលបាន ចុះចេញពីតំណែង ដើម្បីការពារអំពើហឹង្សា បន្ថែមទៀត នៅក្នុងប្រទេសរបស់លោកនោះ គឺលោកបានភៀសខ្លួន ចេញពីទីក្រុងកាប៊ុល អមដោយរថយន្តជាច្រើនគ្រឿង ដែលមានលុយពេញ ។

អ្នកនាំពាក្យបេសកកម្មការទូតរុស្ស៊ីលោក Nikita Ishenko បាននិយាយថា ចំពោះការដួល រលំនៃរបបនេះ វាមានលក្ខណៈល្អិតល្អន់បំផុត ដោយវិធីដែលលោក Ghani បានភៀសខ្លួនចេញពី អាហ្វហ្គានីស្ថាន៖ រថយន្តចំនួន ៤ គ្រឿង ដឹកលុយពេញ បានព្យាយាមដាក់ប្រាក់មួយផ្នែក ចូលទៅក្នុងឧទ្ធម្ភាគចក្រ ហើយលុយមួយចំនួនបានធ្លាក់ នៅលើផ្លូវរត់របស់ឧទ្ធម្ភាគចក្រ ៕ប្រែសម្រួលៈ ណៃ តុលា

គណបក្សភឿថៃ គ្រោងស្នើញត្តិទៅសភា ដកសេចក្តីទុកចិត្តលើ នាយករដ្ឋមន្រ្តីប្រាយុទ្ធ និងរដ្ឋមន្រ្តី ៤រូបទៀត លើបញ្ហាទិញឧបកណ៍ តេស្តរកវីរុសពីចិន

បរទេស ៖ គណបក្សភឿថៃ ដែលជាគណបក្ស ប្រឆាំងដ៏ធំ នៅក្នុងប្រទេសថៃ នឹងដាក់សំណើដក សេចក្តីទុកចិត្ត ប្រឆាំងនឹងរដ្ឋមន្ត្រី គណៈរដ្ឋមន្រ្តីយ៉ាងតិច ៥ រូប ទៅកាន់សភា លើគម្រោងរបស់រដ្ឋាភិបាល ក្នុងការទិញឧបករណ៍តេស្តអង់ទីហ្សែន កូវីដ១៩ ផលិតនៅប្រទេសចិនចំនួន ៨,៥ លានឈុត ក្នុងចំណោមបញ្ហា ដែលត្រូវបានរិះគន់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អនុប្រធានគណបក្ស ភឿថៃ លោក Yutthapong Charasathien បាននិយាយថា រដ្ឋមន្រ្តីទាំងនោះមាន នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង ការពារជាតិ គឺលោក ប្រាយុទ្ធចាន់ អូចា , ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង សុខាភិបាលលោក Anutin Charnvirakul, រដ្ឋមន្ត្រីដឹកជញ្ជូន លោក Saksayam Chidchob, រដ្ឋមន្ត្រីកសិកម្មនិង សហប្រតិបត្តិការលោក Chalermchai Sri-on និងរដ្ឋមន្ត្រីក្រសួងការងារ Suchart Chomklin។

បើតាមលោក Yutthapong , គណបក្សប្រឆាំងក៏បានពិភាក្សាផងដែរ អំពីការដាក់បញ្ចូល រដ្ឋមន្រ្តីម្នាក់ទៀត គឹរដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល (DES) លោក Chaiwut Thana­kamanusorn នៅក្នុងបញ្ជីឈ្មោះ ។

លោកបន្តថា ទោះយ៉ាងណាឧត្តមសេនីយ៍ប្រាយុទ្ធ នឹងក្លាយជាគោលដៅ ចម្បងក្នុងការស្តីបន្ទោស លើបញ្ហាមួយចំនួនរួមទាំងផែនការ ទិញនាវាមុជទឹកពីរគ្រឿង ដែលផលិតដោយចិន ។

សំណើសុំដកសេចក្តីទុកចិត្តនេះ ធ្វើឡើងបន្ទាប់ពីឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានផ្អាកលើផែនការ លទ្ធកម្ម នាវាមុជទឹកដ៏ចម្រូងចម្រាស របស់កងទ័ពជើងទឹក ដោយលើកឡើងពីតម្រូវការបន្ទាន់ ដើម្បីបង្វែរថវិកាដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត Covid-19 ៕ប្រែសម្រួលៈ ណៃ តុលា

រុស្ស៊ី៖ស្ថិតក្រោមការគ្រប់គ្រង របស់ពួកតាលីបង់ ទីក្រុងកាប៊ុលហាក់មានសុវត្ថិភាពជាង នៅក្រោមលោក Ghani

បរទេស៖ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ អាហ្វហ្គានីស្ថាន បានកោតសរសើរ ចំពោះទង្វើពួកតាលីបង់ នៅថ្ងៃចន្ទសប្ដាហ៍នេះ និងបាននិយាយថា ក្រុម ដែលនៅតែត្រូវចាត់ទុកជាផ្លូវការថាជាអង្គការភេរវកម្ម នៅក្នុងប្រទេសរុស្ស៊ីនេះ ក្នុងពេល២៤ម៉ោងដំបូង បានធ្វើឲ្យទីក្រុងកាប៊ុលមានសុវត្ថិភាពជាង ដែលស្ថិតនៅក្រោមអាជ្ញាធរពីមុន។

ការថ្លែងបែបនេះរបស់លោកឯកអគ្គរដ្ឋទូតរុស្ស៊ី Dmitry Zhirnov នេះ តាមសេចក្តីរាយការណ៍ បានឆ្លុះបង្ហាញឲ្យឃើញពីការប្រឹងប្រែងដោយមិនលាក់បាំងរបស់រុស្ស៊ី ធ្វើឲ្យកាន់តែស៊ីជម្រៅឡើងនូវចំណងមិត្តភាពរបស់ខ្លួនជាមួយពួកតាលីបង់។

ថ្លែងទៅកាន់វិទ្យុ Ekho Moskvy របស់ទីក្រុងមូស្គូ លោក Dmitry Zhirnov បានមានប្រសាសន៍ថា រហូតមកទល់ពេលបច្ចុប្បន្ននេះ លោកមានការចាប់អារម្មណ៍ជាខ្លាំង ចំពោះទង្វើរបស់ពួកតាលីបង់ ដោយពិពណ៌នាវិធីរបស់ពួកគេ ថាល្អមានភាពវិជ្ជមាននិងដូចជាជំនួញ។

លោកបានបន្តយ៉ាងដូច្នេះថា “ស្ថានភាពមានសន្តិភាពល្អ ហើយគ្រប់យ៉ាងមានភាពស្ងប់ស្ងាត់ នៅក្នុងទីក្រុង។ ស្ថានភាពនៅក្នុងទីក្រុងកាប៊ុលក្រោមពួកតាលីបង់ នាពេលបច្ចុប្បន្ននេះ គឺល្អប្រសើរជាងដែលវានៅក្រោមលោកប្រធានាធិបតី Ashraf Ghani “។

គួរបញ្ជាក់ថា រុស្ស៊ីចង់ធានាថា អស្ថិរភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងមិនហៀរចូលទៅក្នុងតំបន់អាស៊ីកណ្ដាល ជាផ្នែកនៃអតីតសហភាពសូវៀត ដែលខ្លួនចាត់ទុកថា ជាទីលានខាងក្រោយរបស់ខ្លួន និងថា វាមិនក្លាយជាក្តារជាន់ សម្រាប់ក្រុមឥស្លាមជ្រុលនិយមដទៃទៀត៕ប្រែសម្រួល៖ប៉ាង កុង

ប្រទេស អ៊ូបេគីស្ថាន បាញ់ទម្លាក់យន្តហោះចម្បាំង​ អាហ្វហ្គានីស្ថានមួយគ្រឿង និងបង្ខំឱ្យយន្តហោះ និងឧទ្ធម្ភាគចក្រ ៤៦គ្រឿងទៀត ចុះចត

ប្រទេស ៖ អ៊ូសបេគីស្ថាន បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំង របស់អាហ្វហ្គានីស្ថានមួយគ្រឿង ហើយបង្ខំឱ្យចុះចតយន្តហោះយោធា ២២គ្រឿង និងឧទ្ធម្ភាគចក្រយោធា ២៤ គ្រឿង ដែលដឹកកងទ័ពអាហ្វហ្កានីស្ថាន ជិត ៦០០ នាក់ ដែលបានឆ្លងដែនខុសច្បាប់ របស់ខ្លួនកាលពីចុងសប្តាហ៍ នៅពេលដែលពួកតាលីបង់ បានគ្រប់គ្រងអាហ្វហ្គានីស្ថាន ។

យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា យន្តហោះអាហ្វហ្គានីស្ថានចំនួន ៤៦ គ្រឿង ដែលដឹកកងទ័ពចំនួន ៥៨៥ នាក់ ត្រូវបានចុះចតដោយបង្ខំ នៅឯអាកាសយានដ្ឋាន Termez ភាគខាងត្បូងប្រទេសអ៊ូសបេគីស្ថាន កាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យ បន្ទាប់ពីពួកគេបានរត់គេច ពីពួកតាលីបង់។

ក្រសួងការពារជាតិអ៊ូបេគីស្ថានបាននិយាយថា យន្តហោះយោធា អាហ្វហ្គានីស្ថានមួយគ្រឿង ដែលបានឆ្លងកាត់ព្រំដែន ត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារ អាកាសអ៊ូសបេគីស្ថាន កាលពីថ្ងៃអាទិត្យ បន្ទាប់ពីយន្តហោះនេះ បានហោះចូលទៅក្នុងលំហអាកាស របស់ប្រទេសដោយខុសច្បាប់។

ប៉ុន្តែការិយាល័យរដ្ឋអាជ្ញា បានជំទាស់នឹងសេចក្តីថ្លែងការណ៍នេះ ហើយនិយាយថាយន្តហោះនេះ បានបុកជាមួយយន្តហោះចម្បាំងអ៊ូសបេគីស្ថាន ដែលបណ្តាល ឱ្យយន្តហោះទាំងពីរធ្លាក់នៅខេត្ត Surkhondaryo ភាគខាងត្បូង ៕

Defense One របស់អាមេរិក បញ្ចេញរូបភាពផ្ទុកលើសចំណុះ នៅក្នុងយន្តហោះដឹកជញ្ជូន C-17 ក្រោយចលាចល នៅព្រលានយន្តហោះទីក្រុងកាប៊ុល

បរទេស៖ រូបថតដំបូងបានលេចចេញ ពីយន្តហោះដឹកទំនិញរបស់អាមេរិក C-17 ដែលផ្ទុកទៅដោយជនភៀសខ្លួន អាហ្វហ្កានីស្ថានរាប់រយនាក់ បន្ទាប់ពីពួកគេបានប្រញាប់ប្រញាល់ ឡើងយន្តហោះ នៅមុនពេលបុគ្គលិក យោធាអាចបិទពួកគេ ក្នុងបំណង ចង់រត់គេចពីពួកតាលីបង់។

យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានហោះហើរ យ៉ាងហោចណាស់យន្តហោះដឹកទំនិញធុន C-17 ចំនួន ២ គ្រឿង ចេញពីទីក្រុងកាប៊ុល ហើយជើងហោះហើរជាច្រើនទៀត ត្រូវបានរំពឹងទុក នៅចុងសប្តាហ៍នេះ បើទោះបីជាមានភាពវឹកវរនៅលើដី កាលពីថ្ងៃច័ន្ទ ដែលបណ្តាលឱ្យមនុស្ស ៨ នាក់ស្លាប់ រួមទាំងអ្នកដែលបាន លួចឡើងលើយន្តហោះ ហើយធ្លាក់ពីលើយន្តហោះ ក្នុងលំហរអាកាស គួរឱ្យភ័យខ្លាច។

រូបថតមួយដែលទទួលបានដោយ Defence One បង្ហាញពីយន្តហោះមួយ ក្នុងចំណោមយន្តហោះទាំងនោះ ដែលពោរពេញទៅដោយ ជនជាតិអាហ្វហ្គានីស្ថានចំនួន ៦៤០ នាក់ កំពុងអង្គុយនៅលើកម្រាលឥដ្ឋ ដែលជាធម្មតាអាចផ្ទុកទាហាន ១៥០ នាក់បានយ៉ាងស្រួល ប៉ុន្តែអាចផ្ទុកទំនិញបាន ១៧១.០០០ ផោន ៕

Breaking News: ក្រុមតាលីបង់ ប្រកាសលើកលែងទោស ជាទូទៅដល់មន្រ្តី រដ្ឋាភិបាលទាំងអស់

កាប៊ុល៖ ក្រុមតាលីបង់នៅថ្ងៃអង្គារនេះ បានប្រកាសលើកលែងទោស ជាទូទៅដល់មន្រ្តីរដ្ឋាភិបាល ទាំងអស់ ហើយបានជំរុញឱ្យ ពួកគេវិលត្រឡប់មកធ្វើការ វិញពីរថ្ងៃ បន្ទាប់ពីក្រុមនេះ បានឡើងកាន់អំណាចភ្លាមៗ ពេញប្រទេស។

យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍មួយពីក្រុមតាលីបង់ បាននិយាយថា“ ការលើកលែងទោស ជាទូទៅត្រូវបានប្រកាស សម្រាប់ទាំងអស់គ្នា…ដូច្នេះអ្នកគួរតែចាប់ផ្តើម ជីវិតធម្មតា របស់អ្នកដោយមានទំនុកចិត្តពេញលេញ” ។

សូមជម្រាបថា ក្រោយពីពួកសកម្មប្រយុទ្ធ តាលីបង់ ចូលកាន់កាប់ប្រទេសរួចមក ទីក្រុង កាប៊ុល បានចលាចល ដោយក្នុងនោះ មានមនុស្ស៨នាក់ បានស្លាប់នៅអាកាសយានដ្ឋានក្រុងកាប៊ុល ជាកន្លែងដែលប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលអស់សង្ឃឹម បាននាំគ្នាប្រវេសប្រវាសឡើងយន្តហោះយោធាអាមេរិក ហើយកងទ័ពអាមេរិកបានបាញ់ព្រមានលើអាកាស ចំពេលមានភាពច្របូកច្របល់ដើម្បីភៀសខ្លួនពីពួកតាលីបង់៕

លោក បៃដិន ប្ដេជ្ញាបញ្ចប់ការដកកងទ័ព ចេញពីអាហ្វហ្គានីស្ថាន ស្របពេលអន្ដរជាតិមើលឃើញថា វាជាកំហុសច្រំដែល

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្តេជ្ញាថា នឹងបញ្ចប់ផែនការដកទ័ព អាមេរិកនៅអាហ្វហ្គានីស្ថាន ចំពេលមានការរិះគន់ជុំវិញភាពវឹកវរ ដែលបង្កឡើងដោយក្រុមតាលីបង់ បានកាន់កាប់ប្រទេស ដែលហែកហួរដោយសង្រ្គាម បន្ទាប់ពីការចូលរួមរបស់ អាមេរិកពីរទសវត្សរ៍នៅទីនោះ។

លោក បៃដិន លើកឡើងថា “នៅពេលខ្ញុំថ្លែងទៅកាន់ ប្រទេសនេះជាលើកដំបូង បន្ទាប់ពីការដួលរលំនៃ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន កាលពីចុងសប្តាហ៍ ខណៈខ្ញុំសារភាពថា ការដណ្តើមអំណាចរបស់តាលីបង់ គឺលឿនជាងការរំពឹងទុក”។

វិបត្តិនេះហាក់ដូចជាកាន់តែស៊ីជម្រៅ ខណៈប្រជាជនអាហ្វហ្គានីស្ថាន រាប់ពាន់នាក់ត្រូវបានគេរាយការណ៍ថា បានប្រញាប់ប្រញាល់ទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុងកាប៊ុលដោយវីដេអូ បង្ហាញពីការធ្លាក់ចុះខ្លះពីកម្ពស់ខ្ពស់ បន្ទាប់ពីបានព្យាយាមតោង នៅខាងក្រៅយន្តហោះយោធាអាមេរិក ដែលកំពុងចាកចេញក្នុងគោលបំណង ចង់រត់គេចពីក្រុមសកម្មប្រយុទ្ធ អ៊ីស្លាមតាលីបង់។

ការងើបឡើងវិញយ៉ាងឆាប់ រហ័សរបស់ក្រុមតាលីបង់ បានកើតឡើងប៉ុន្មានសប្តាហ៍មុន កាលបរិច្ឆេទកំណត់គោលដៅ របស់រដ្ឋបាលលោក បៃដិន សម្រាប់ការបញ្ចប់ការ ដកកងទ័ពរបស់ខ្លួនដើម្បី បញ្ចប់នូវអ្វីដែលគេហៅថា “សង្គ្រាមវែងបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក” បន្ទាប់ពីការវាយប្រហារនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដោយក្រុមជ្រុលនិយមអ៊ីស្លាម អាល់-កៃដា ហើយវាក៏ជាប្រវត្ដិសាស្រ្ត ច្រំដែលរបស់អាមេរិក ពីការរត់ចោលជនរងគ្រោះ ដូចជានៅសៃហ្គន ភ្នំពេញ និងកាប៊ុលនាពេលនេះ។

លោក បៃដិន បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកទទួលបានជោគជ័យ ក្នុងគោលដៅកាត់បន្ថយការគំរាមកំហែង ភេរវកម្មរបស់អាល់កៃដា នៅអាហ្វហ្គានីស្ថាន រួមទាំងការសម្លាប់លោក អូសាម៉ា ប៊ីនឡាដិន មេខ្លោងនៅពីក្រោយ ការវាយប្រហារភេរវកម្ម ហើយបានកត់សម្គាល់ថា“ ការកសាងប្រទេស” មិនមែនជាផ្នែកនៃ បេសកកម្មនោះទេ ។

លោកបានលើកឡើងថា“ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ចំពោះហេតុការណ៍ ដែលយើងជួបប្រទះនៅពេលនេះ”។

លោកបានបន្ថែមថា “ដៃគូប្រកួតប្រជែងជាយុទ្ធសាស្ត្រ ពិតប្រាកដរបស់យើង គឺចិន និងរុស្ស៊ីនឹងមិនស្រឡាញ់ អ្វីលើសពីសហរដ្ឋអាមេរិក ដើម្បីបន្តចំណាយថវិកា រាប់ពាន់លានដុល្លារ និងការយកចិត្តទុកដាក់ក្នុងការ ធ្វើឱ្យអាហ្វហ្គានីស្ថាន មានស្ថិរភាព ដោយគ្មានកំណត់” ។

លោក បៃដិន នៅតែការពារពេញមួយ សុន្ទរកថារបស់លោក ហើយមិនបានយកសំណួរពី អ្នកយកព័ត៌មាននោះទេ ព្រោះការគ្រប់គ្រង របស់លោកលើស្ថានការណ៍ បានបង្កឱ្យមានការរិះគន់ជុំវិញ ការគណនាខុសពេលវេលា ដែលអាចធ្វើទៅបាននៃការដកកងទ័ព និងការមើលស្រាលលើ កងកម្លាំងរបស់តាលីបង់ ៕

លោក ចូ បៃដិនថា សង្គ្រាមអាមេរិក នៅអាហ្វហ្គានីស្ថាន ពិតជាមិនទាន់បញ្ចប់, វាកំពុងប្រែក្លាយជាសង្គ្រាម ទម្លាក់គ្រាប់បែក ដូចនៅសូម៉ាលី

បរទេស ៖ សហរដ្ឋអាមេរិកគ្រោង បន្តប្រតិបត្តិការយោធា នៅអាហ្វហ្គានីស្ថាន បន្ទាប់ពីការដកទ័ពចុងក្រោយ នៅថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២១ ប្រធានាធិបតី អាមេរិកលោក Joe Biden បាននិយាយនៅក្នុងសុន្ទរកថា របស់លោក កាលពីថ្ងៃច័ន្ទ បន្ទាប់ពីការប្រគល់ទីក្រុងកាប៊ុល ទៅឱ្យពួកតាលីបង់ កាលពីចុងសប្តាហ៍ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បាន ឱ្យដឹងថា នៅក្នុងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃច័ន្ទ ដែលលោក បានការពារការ ប្រកាន់ខ្ជាប់ របស់លោក ចំពោះការដកថយ ដែលបានចរចា ជាមួយពួកតាលីបង់ ដោយអតីត ប្រធានាធិបតី លោកដូណាល់ត្រាំនោះ, គឺលោកបៃដិន បាននិយាយថា លោកតែងតែជឿជាក់ថា បេសកកម្មអាមេរិក“ គួរតែផ្តោតលើការ ប្រឆាំងភេរវកម្ម មិនមែនប្រឆាំង កុបកម្ម ឬកសាងប្រទេសនោះទេ ហើយថាអាមេរិកមិនបោះបង់ បេសកកម្មនោះទេ ក្នុងការដកកង ទ័ពប្រហែល ១២ ០០០ នាក់ចេញពី អាហ្វហ្គានីស្ថាន នោះទេ ។

លោក បៃដិន បន្តថា «សព្វថ្ងៃនេះការគំរាមកំហែងភេរវករ បានរីករាលដាលយ៉ាងធំធេង ហួសពីប្រទេសអាហ្វហ្គានីស្ថាន៖ ពួកអាល់សាបាប នៅប្រទេសសូម៉ាលី, ពួកអាល់កៃដា នៅឧបទ្វីបអារ៉ាប់ (AQQP), ពួក អាល់នូសារ៉ា នៅស៊ីរី ISIS [ដាអ៊ីស] ព្យាយាមបង្កើតតំបន់ខ្លួននៅស៊ីរី និងអ៊ីរ៉ាក់ និងបង្កើតសាខា នៅក្នុងប្រទេស ជាច្រើននៅទ្វីបអាហ្វ្រិកនិងអាស៊ី» ។

លោកបន្ថែមថា « ការគំរាមកំហែងទាំងនេះ ធានាពីការ យកចិត្តទុកដាក់ និងធនធានរបស់យើង។ យើងអនុវត្តបេសកកម្ម ប្រឆាំងភេរវកម្មប្រកប ដោយប្រសិទ្ធភាព ប្រឆាំងនឹងក្រុមភេរវក នៅក្នុងប្រទេសជាច្រើន ដែលយើង មិនមានវត្តមានយោធាអចិន្ត្រៃយ៍ ហើយបើសិនជាចាំបាច់ យើងនឹងធ្វើដូចគ្នានៅប្រទេស អាហ្វហ្គានីស្ថាន ។ យើងបានបង្កើត សមត្ថភាព ប្រឆាំងភេរវកម្ម ដែលអាចអនុញ្ញាតឱ្យយើងរក្សាការយក ចិត្តទុកដាក់ របស់យើង ចំពោះការគំរាមកំហែង ដោយផ្ទាល់ដល់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ហើយធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងដាច់ខាតប្រសិនបើចាំបាច់ ៕

សារព័ត៌មានឥណ្ឌា៖ ក្រុមតាលីបង់ បញ្ជាឱ្យគេស្រង់ ឈ្មោះក្មេងស្រីអាយុ លើ១៥ឆ្នាំ និងស្រ្តីមេម៉ាយអាយុក្រោម៤៥ឆ្នាំ ដើម្បីរៀបការជាមួយអ្នកប្រយុទ្ធខ្លួន

បរទេស៖ ចាប់តាំងពីការដកទ័ពអាមេរិក និងណាតូ ចេញពីប្រទេសអាហ្វហ្គានីស្ថាន កាលពីខែកក្កដា ក្រុមតាលីបង់បានគ្រប់គ្រងយ៉ាងឆាប់រហ័សលើផ្នែកធំ ៗ នៃប្រទេស ហើយប្រធានាធិបតីប្រទេសនេះ បានរត់ភៀ់សខ្លួន។

យោងតាមសារព័ត៌មាន DownToEarth របស់ប្រទេសឥណ្ឌា ចេញផ្សាយកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ដោយសារភាពជោគជ័យរបស់ពួកគេ កង្វះការតស៊ូដោយកងកម្លាំងអាហ្វហ្គានីស្ថាន និងសម្ពាធអន្តរជាតិតិចតួចនោះ គឺក្រុមតាលីបង់បានបង្កើនអំពើហឹង្សារបស់ពួកគេ។ សម្រាប់ស្ត្រីអាហ្វហ្គានីស្ថានការបង្កើនអំណាចរបស់តាលីបង់ គឺគួរឱ្យភ័យខ្លាច។

កាលពីដើមខែកក្កដា បន្ទាប់ពីមេដឹកនាំតាលីបង់ ដែលបានកាន់កាប់ខេត្ត Badakhshan និងខេត្ត Takhar ក្រុមនេះ បានចេញបញ្ជាឱ្យមេដឹកនាំសាសនាក្នុងស្រុក ផ្តល់ឱ្យពួកគេនូវបញ្ជីឈ្មោះក្មេងស្រីអាយុលើសពី ១៥ ឆ្នាំ និងស្ត្រីមេម៉ាយអាយុក្រោម ៤៥ ឆ្នាំ សម្រាប់“ រៀបការ” ជាមួយអ្នកប្រយុទ្ធតាលីបង់។ គេនៅមិនទាន់ដឹងថា តើពួកគេគោរពតាម ឬយ៉ាងណាទេ។

ប្រសិនបើអាពាហ៍ពិពាហ៍បង្ខំទាំងនេះកើតឡើង ស្ត្រីនិងក្មេងស្រីទាំងនោះ នឹងត្រូវនាំទៅតំបន់ Waziristan នៅប្រទេសប៉ាគីស្ថាន ដើម្បីទទួលបានការអប់រំឡើងវិញ ហើយប្តូរទៅជាសាសនាអ៊ីស្លាមពិតប្រាកដត្រឹមត្រូវតាមច្បាប់។

បទបញ្ជានេះបានបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះស្ត្រីនិងក្រុមគ្រួសាររបស់ពួកគេ ដែលរស់នៅក្នុងតំបន់ទាំងនេះហើយបានបង្ខំពួកគេឱ្យភៀសខ្លួន និងចូលរួមជាមួយក្រុមជនភៀសខ្លួនខាងក្នុង ដោយបន្ថែមគ្រោះមហន្តរាយមនុស្សធម៌ដែលកំពុងកើតមាននៅអាហ្វហ្គានីស្ថាន។ ក្នុងរយៈពេលតែបីខែចុងក្រោយនេះមនុស្ស ៩០០.០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ៕

ប្រទះឃើញ សាកសព ជនជាតិ អាហ្វហ្គានីស្ថានម្នាក់ ជាប់នៅជាមួយ កង់យន្តហោះ C-17 អាមេរិក ពេលចុះចត

បរទេស៖ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ អាមេរិកបានឲ្យដឹងថា សាកសពជនជាតិអាហ្វហ្គានីស្ថានម្នាក់ ដែលកំពុងព្យាយាមរត់ គេចខ្លួនពីទីក្រុងកាប៊ុល ត្រូវបានរកឃើញនៅខាងក្នុងប្រអប់កង់ចុះចតរបស់យន្តហោះ C-17 របស់អាមេរិក។

យោងតាមសារព័ត៌មាន Telegraph ចេញផ្សាយកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍បានរាយការណ៍ថា សាកសពនេះត្រូវបានរកឃើញភ្លាមៗបន្ទាប់ពីយន្តហោះ C-17 របស់អាមេរិក បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិហាមីដកាហ្សៃ ហើយវាបានធ្វើឱ្យឧបករណ៍ចុះចត មិនអាចដំណើរការបាន។

អាជ្ញាធរអាមេរិកមិនទាន់បានបញ្ជាក់ពីរបាយការណ៍នេះ នៅឡើយទេ ប៉ុន្តែវាកើតឡើងពីទិដ្ឋភាពដ៏អាក្រក់របស់ជនជាតិអាហ្វហ្គានីស្ថាន ដែលតោងជាប់ នឹងយន្តហោះអាមេរិក នៅពេលពួកគេចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ ហាមីដកាហ្សៃ កាលពីថ្ងៃចន្ទ។

រូបភាពវីដេអូក៏បានបង្ហាញពីមនុស្ស ដែលធ្លាក់ពីលើយន្តហោះបណ្តាលឱ្យស្លាប់ ខណៈដែលមនុស្សជាច្រើននាក់ ដែលព្យាយាម រត់គេចពីភាពច្របូកច្របល់ យ៉ាងប្រសាចពេញផ្នែកខាងក្រៅរបស់យន្តហោះអាមេរិក៕ប្រែសម្រួលៈ ណៃ តុលា

អ្នកជំនាញចិន ភ្ញាក់ផ្អើល ក្រោយពីសមាជិកព្រឹទ្ធសភាអាមេរិកបង្ហាញ ថា មានកងទ័ពអាមេរិក ៣០ ០០០ នាក់ ឈរជើងនៅកោះតៃវ៉ាន់

បរទេស៖ សមាជិកព្រឹទ្ធសភាអាមេរិកជាន់ខ្ពស់ម្នាក់ដែលជាសមាជិកនៃគណៈកម្មការស៊ើបការណ៍សម្ងាត់ជ្រើសរើសព្រឹទ្ធសភាអាមេរិក នៅលើបណ្តាញសង្គមរបស់លោក បានបង្ហាញថា សហរដ្ឋអាមេរិកមានទាហានចំនួន ៣០ ០០០ នាក់ ឈរជើងនៅកោះតៃវ៉ាន់របស់ចិន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកជំនាញចិនបាននិយាយថា ប្រសិនបើនេះជាការពិត វាគឺជាការលុកលុយរបស់យោធា និងការកាន់កាប់កោះតៃវ៉ាន់របស់ចិន ហើយស្មើនឹងអាមេរិកប្រកាសសង្គ្រាមជាមួយចិន។

អ្នកជំនាញបានកត់សម្គាល់ថា ប្រសិនបើការលើកឡើងនេះត្រឹមត្រូវនោះ ចិនអាចធ្វើឱ្យច្បាប់ប្រឆាំងប្រឆាំងនឹងការផ្តាច់ខ្លួនភ្លាមៗ ដើម្បីបំផ្លាញ និងបណ្តេញកងទ័ពអាមេរិកនៅកោះតៃវ៉ាន់និងបង្រួបបង្រួមកងទ័ពតៃវ៉ាន់ឡើងវិញ។

នៅក្នុងបណ្តាញធ្វីតធ័រ សមាជិកព្រឹទ្ធសភា លោក John Cornyn បានរាយបញ្ជីចំនួនកងទ័ពអាមេរិក ដែលឈរជើងនៅកូរ៉េខាងត្បូង អាល្លឺម៉ង់ ជប៉ុន កោះតៃវ៉ាន់ និងនៅទ្វីបអាហ្វ្រិក ដើម្បីបង្ហាញពីចំនួនទាហានអាមេរិក ដែលបានថយចុះនៅអាហ្វហ្កានីស្ថាន។ ប៉ុន្តែនៅក្នុងដំណើរការនេះ លោក John Cornyn បានបង្ហាញព័ត៌មានគួរឱ្យភ្ញាក់ផ្អើលដែលមានកងទ័ពអាមេរិកចំនួន ៣០.០០០ នាក់នៅលើកោះតៃវ៉ាន់របស់ចិន៕

អ្នកនាំពាក្យក្រុមតាលីបង់ ហៅទូរស័ព្ទចូលទូរទស្សន៍ BBC បញ្ជាក់អំពីការសន្តោសប្រណីរបស់ខ្លួន ពេលចូលដល់ក្រុងកាប៊ុល

បរទេស៖ បទសម្ភាសន៍ភ្លាមៗដោយគ្មានការព្រៀងទុកនេះ មានរយៈពេលជាងកន្លះម៉ោង ហើយត្រូវបានធ្វើឡើងនៅថ្ងៃ ដែលពួកតាលីបង់ចូលក្រុងកាប៊ុល ប្រទេស អាហ្វហ្គានីស្ថាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកធ្វើបទបង្ហាញរបស់ទូរទស្សន៍ BBC គឺលោកស្រី Yalda Hakim ដែលបានភៀសខ្លួនពីអាហ្វហ្គានីស្ថាន ក្នុងនាមជាកូនក្មេងម្នាក់ជាមួយគ្រួសាររបស់នាង បានទទួលការហៅទូរស័ព្ទភ្លាមៗ ពីអ្នកនាំពាក្យតាលីបង់ ឈ្មោះ Suhail Shaheen តាមទូរស័ព្ទដៃរបស់នាងនៅថ្ងៃទី ១៥ ខែសីហា ខណៈពេលកំពុងផ្សាយផ្ទាល់។

អ្នកយកព័ត៌មានបាននិយាយថា “ យើងទទួលបានអ្នកនាំពាក្យរបស់តាលីបង់ លោក Suhail Shaheen នៅលើបណ្តាញអ៊ីនធឺណេត។ អ្នកទទួលបាននិយាយថា លោក Suhail Shaheen តើលោកលឺខ្ញុំនិយាយទេ? បន្ទាប់ពីនោះ នាងបានដាក់ទូរស័ព្ទភ្លាមៗនៅក្បែរមីក្រូហ្វូន ដើម្បីឱ្យទស្សនិកជនអាច ស្តាប់អំពីការអះអាងរបស់ Shaheen អំពីជ័យជំនះនៅពេលដែលពួកតាលីបង់ បានគ្រប់គ្រងទីក្រុងកាប៊ុលឡើងវិញ បន្ទាប់ពីការនិរទេសខ្លួនអស់ ២០ ឆ្នាំ។

អ្នកនាំពាក្យតាលីបង់បានបញ្ជាក់ក្នុងពេលសម្ភាសន៍ ដែលមានរយៈពេលប្រហែល ៣៣ នាទីនោះថា «មិនគួរមានការភ័ន្តច្រឡំណាមួយឡើយ យើងធានាដល់ប្រជាជនអាហ្វហ្កានីស្ថាននៅទីក្រុងកាប៊ុលថា ទ្រព្យសម្បត្តិនិងជីវិតរបស់ពួកគេ មានសុវត្ថិភាព ហើយនឹងមិនមានការសងសឹក ចំពោះនរណាម្នាក់ឡើយ យើងជាអ្នកបម្រើប្រជាជននិងប្រទេសនេះ” ។

Shaheen ក៏បានបង្ហាញផងដែរថា មេដឹកនាំតាលីបង់បានណែនាំពួកសកម្មប្រយុទ្ធឱ្យនៅតាមច្រកទ្វារទីក្រុងកាប៊ុល កុំឱ្យចូលទីក្រុង ដូច្នេះការផ្ទេរអំណាចដោយសន្តិវិធីអាចត្រូវបានអនុវត្ត។ Shaheen បានប្រាប់ Yalda Hakim ថាការផ្ទេរនេះពាក់ព័ន្ធនឹងការប្រគល់ប្រទេសនេះទៅឱ្យ “ដែនដីអ៊ីស្លាម” នៃប្រទេសអាហ្វហ្គានីស្ថាន៕

Update៖ ក្រុមតាលីបង់ ជំរុញឲ្យមនុស្សដែលគ្មាន ឯកសារធ្វើដំណើរចាកចេញ ពីព្រលានយន្ដហោះកាប៊ុល

កាប៊ុល៖ សមាជិកតាលីបង់ម្នាក់ ដែលទទួលបន្ទុកផ្នែកសន្តិសុខនៅខាងក្រៅអាកាស យានដ្ឋានក្រុងកាប៊ុលរបស់អាហ្វហ្គានីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសទៅកាន់ហ្វូងមនុស្សនៅខាងក្រៅអាកាសយានដ្ឋានថា មានតែមនុស្សដែលមានឯកសារធ្វើដំណើរប៉ុណ្ណោះ នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងអាកាសយានដ្ឋាន។

លោក Mohammad Jamil បានប្រាប់ស៊ីនហួតាមទូរស័ព្ទថា“ បុរសម្នាក់ដែលអះអាងថា ជាអ្នកទទួលខុសត្រូវសន្តិសុខអាកាសយានដ្ឋាន បានប្រាប់យើងថា មនុស្សទាំងអស់ដែលមិនមានឯកសារស្របច្បាប់ ត្រូវចាកចេញពីច្រកទ្វារឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។

លោក Mohammad Jamil ដែលបានរង់ចាំការចូលដំណើរការតាំងពីព្រលឹមថ្ងៃពុធគ្មានលិខិតឆ្លងដែនគ្រាន់តែកាន់អត្តសញ្ញាណប័ណ្ណអាហ្វហ្គានីស្ថាន បានលើកឡើងថា លោកបានប្រញាប់ទៅព្រលានយន្តហោះ បន្ទាប់ពីលឺថាយន្តហោះបរទេសកំពុងដឹកមនុស្ស ហើយជម្លៀសមនុស្សណាដែលចង់ចាកចេញពីទីក្រុងកាប៊ុល។

នៅយប់ថ្ងៃអាទិត្យប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Mohammad Ashraf Ghani បានចាកចេញពីប្រទេស ខណៈដែលក្រុមយុទ្ធជនតាលីបង់ បានចូលរដ្ឋធានីរបស់ប្រទេស និងបានគ្រប់គ្រងទីក្រុងកាប៊ុល។

កាលពីថ្ងៃអាទិត្យកងកម្លាំងសន្តិសុខ បានបរាជ័យក្នុងការបញ្ឈប់មនុស្សចូលក្នុងអគារព្រលានយន្តហោះ និងផ្លូវរត់របស់យន្ដហោះ។ នៅព្រឹកថ្ងៃច័ន្ទ ក្រុមតាលីបង់វបានគ្រប់គ្រងព្រលានយន្តហោះ ហើយបានយល់ព្រមផ្តល់ការឆ្លងកាត់ប្រកបដោយសុវត្ថិភាព សម្រាប់មនុស្សដែលកាន់ឯកសារធ្វើដំណើរស្របច្បាប់។

កងកម្លាំងអាមេរិក បានចាប់ផ្តើមជម្លៀសអ្នកការទូត និងជនជាតិអាហ្វហ្គានីស្ថាន ដែលបានធ្វើការឱ្យពួកគេ កាលពីព្រឹកថ្ងៃអាទិត្យ។ជើងហោះហើរជម្លៀសបានបន្តនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយនឹងបន្តហរូដល់ចុងខែសីហា៕

លោក ដូណាល់ ត្រាំថា ចិន និងរុស្ស៊ី នឹងចម្លងបច្ចេកវិទ្យា ពីឧទ្ធម្ភាគចក្រ Black Hawk ដែលកំពុងស្ថិតក្នុងដៃពួកតាលីបង់

បរទេស៖ បន្ទាប់ពីទីក្រុងកាប៊ុល ប្រទេស អាហ្វហ្គានីស្ថាន បានធ្លាក់ចូលដៃក្រុមតាលីបង់ ដោយគ្មានការប្រយុទ្ធគ្នា កាលពីថ្ងៃអាទិត្យ ឧបករណ៍យោធារបស់ អាមេរិករួមទាំងរថយន្ត Humvees និង ឧទ្ធម្ភាគចក្រ Black Hawk ដែលបានផ្គត់ផ្គង់ដំបូង ដើម្បីបង្កើនសមត្ថភាព របស់កងកម្លាំងអាហ្វហ្គានីស្ថាន ត្រូវបានចាប់យកដោយ ក្រុមអ៊ិស្លាមនិយម។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានទួញសោកថា រុស្ស៊ីនិងចិន នឹង “ ចម្លង-បិទភ្ជាប់” ឧបករណ៍យោធាដែលផលិត ដោយអាមេរិកដែលរឹបអូស ដោយយុទ្ធជនតាលីបង់ នៅអាហ្វហ្គានីស្ថាន។

លោកត្រាំបាននិយាយនៅក្នុង បទសម្ភាសន៍ជាមួយទូរទស្សន៍ Newsmax កាលពីថ្ងៃពុធថា “ខ្ញុំដឹងថាសត្រូវនឹងចាប់យក ឧបករណ៍ហើយនោះ គឺជាអ្វីដែលពួកគេបានធ្វើ ពួកគេបានចាប់យក ឧបករណ៍ដ៏ច្រើនបំផុត … ឥឡូវនេះពួកគេនឹងផ្តល់ឱ្យ ប្រទេសផ្សេងទៀត ដើម្បីចម្លងវាក្នុងតម្លៃថោក “។

លោកបានបន្ថែមថា “ ឧទ្ធម្ភាគចក្រ Black Hawk ចុងក្រោយបង្អស់ដែលឥឡូវនេះ នឹងត្រូវសិក្សាដោយរុស្ស៊ី និងចិន និងអ្នកផ្សេងទៀត ព្រោះវាជាឧបករណ៍ល្អបំផុត នៅលើពិភពលោក” ៕

ចិន៖ គ្មានអ្វីគួរលាក់បាំងនោះទេ អាមេរិក គួរអញ្ជើញ WHO ស៊ើបអង្កេតនៅមន្ទីរពិសោធន៍ Fort Detrick លើប្រភពដើមជំងឺកូវីដ-១៩

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានលើកឡើងថា ប្រសិនបើសហរដ្ឋអាមេរិក គ្មានអ្វីត្រូវលាក់បាំងទេនោះ គួរតែអញ្ជើញអង្គការសុខភាពពិភពលោក (WHO) ដើម្បីធ្វើការស៊ើបអង្កេតប្រភពដើមនៃជំងឺកូវីដ-១៩ នៅមន្ទីរពិសោធន៍ Fort Detrick និងសាកលវិទ្យាល័យ North Carolina របស់ខ្លួន។

លោក Zhao បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា“ នេះគឺជាភាពស្មោះត្រង់ និងអាកប្បកិរិយារបស់ប្រទេសមួយ ដែលពិតជាយកចិត្តទុកដាក់ ចំពោះប្រភពដើមកំណើតជំងឺរាតត្បាតពិភពលោកមែននោះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Zhao បានធ្វើការកត់សម្គាល់នៅពេលត្រូវបានសួរ ដើម្បីធ្វើអត្ថាធិប្បាយលើរបាយការណ៍មួយ ដែលថាសហរដ្ឋអាមេរិក នៅតែមានបំណងចេញផ្សាយរបាយការណ៍ ស្តីពីការតាមដានប្រភពដើមតាមការគ្រោងទុក និងធ្វើការសន្និដ្ឋានខុសអំពីការលេចធ្លាយមេរោគពីវិទ្យាស្ថានក្រុងវូហាន នៃមេរោគឆ្លង ទោះបីជាមិនមានការរីកចម្រើនជាក់ស្តែងក៏ដោយ ការស៊ើបអង្កេតប្រភពដើម ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកនៅឡើយ។ប្រទេសចិនតែងតែគាំទ្រហើយនឹងបន្តចូលរួមក្នុងការស្រាវជ្រាវដើមកំណើតវិទ្យាសាស្ត្រ។

ប្រទេសចិន បានអញ្ជើញអង្គការសុខភាពពិភពលោកចំនួនពីរដងមកប្រទេសចិន ដើម្បីធ្វើការស្រាវជ្រាវរួមគ្នា ដែលបានបង្កើតការសន្និដ្ឋានបែបវិទ្យាសាស្ត្រ និងមានការអនុញ្ញាតដោយដាក់មូលដ្ឋានគ្រឹះ សម្រាប់ដំណាក់កាលបន្ទាប់នៃការតាមដានប្រភពដើមនៃវីរុស លោក Zhao បានលើកឡើងថា ការប្រឆាំង គឺជានយោបាយធ្វើឱ្យមានប្រភពដើមនៃកូវីដ-១៩ ។

លោកបានបន្ថែមថា“ មិនថាសហរដ្ឋអាមេរិក ព្យាយាមលាបពណ៌ និងចោទប្រកាន់អ្នកដ៏ទៃដោយខុសឆ្គងយ៉ាងណានោះទេ វាមិនអាចបំបាត់ការសង្ស័យរបស់សហគមន៍អន្តរជាតិ អំពីមន្ទីរពិសោធន៍ជីវសាស្រ្តអាមេរិក នៅទូទាំងពិភពលោកបាននោះទេ” ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាមេរិកយោធាអាមេរិកបានចម្លងមេរោគកូរ៉ូណា ទៅកាន់ទ្វីបអឺរ៉ុបតាមរយៈកម្មវិធីផ្ដល់ឈាមនៅឆ្នាំ២០១៩ និងអ្នកស្ម័គ្រចិត្តស៊ីវិលចូលក្នុងមូលដ្ឋានយោធាអាមេរិកនៅឆ្នាំ ២០១៩។ អ៊ីតាលី កាលពីខែសីហា ឆ្នាំមុន បានក្លាយជាជនរងគ្រោះដំបូងបំផុត” នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យ។

ប្រព័ន្ធផ្សព្វផ្សាយបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអាមេរិក ដោយលើកឡើងថា ការស៊ើបអង្កេតតាមប្រភពដើមនៃវីរុស មិនមែនជាគោលបំណងទេ ហើយការបន្តការស៊ើបអង្កេតនេះ អាចធ្វើឱ្យបាត់បង់ធនធានការទូតរបស់ចិន និងបង្កើនអានុភាពរបស់អាមេរិក ចំពោះចិន៕

អាមេរិក ទំនងជាទុកអាទិភាពលេខ២ នៃកិច្ចចរចានុយក្លេអ៊ែរ កូរ៉េខាងជើង ដោយផ្ដោតសំខាន់លើ បញ្ហានៅអាហ្វហ្គានីស្ថាន

វ៉ាស៊ីនតោន៖ កិច្ចពិភាក្សានុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង នឹងស្ថិតនៅពីក្រោយបញ្ជីអាទិភាព របស់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថា នឹងផ្តោតលើការដោះស្រាយ ជាមួយនឹងផលវិបាកបន្ទាប់ពី ការដកកងទ័ពរបស់ខ្លួនចេញ ពីអាហ្វហ្គានីស្ថាន។

លោក Harry Kazianis នាយកជាន់ខ្ពស់នៅមជ្ឈមណ្ឌល ដើម្បីផលប្រយោជន៍ជាតិគិតគូរពីបញ្ហានេះ បានលើកឡើងនៅក្នុងសិក្ខាសាលា តាមអ៊ីនធឺណិត ដោយលើកឡើងថា វិបត្តិធំមួយពាក់ព័ន្ធនឹងជនភៀសខ្លួន និងការចាប់ពង្រត់អាចកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិក ដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន។

លោកបានលើកឡើងថា “ខ្ញុំគិតថាវាច្បាស់ណាស់ថា អាហ្វហ្គានីស្ថាន នឹងក្លាយជាអាទិភាពសន្តិសុខជាតិ កំពូលរបស់សហរដ្ឋអាមេរិក យ៉ាងហោចណាស់ក្នុងរយៈពេល ពីរទៅបីខែខាងមុខនេះ ហើយជាក់ស្តែងអ្វីដែលនឹងធ្វើ គឺរុញច្រានអាទិភាពដទៃទៀត ទាំងអស់រួមទាំងកូរ៉េខាងជើង ផងដែរ នៅប៉ុន្មានខែខាងមុខនេះ”។

លោក Kazianis បានលើកឡើងទៀតថា ការដាក់បញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង លើបញ្ហាដុតក្ដៅ គឺជាបញ្ហាក្នុងស្រុក ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការចាក់វ៉ាក់សាំង។ លោកព្យាករណ៍ថា ទំនាក់ទំនងរវាងអាមេរិក និងកូរ៉េខាងជើង ទំនងជាមិនមានភាពល្អប្រសើរនោះទេក្នុងរយៈពេលខ្លី និងមធ្យមខាងមុខនេះ។

លោក Frank Jannuzi ប្រធានមូលនិធិ Mansfield ក៏បានលើកឡើងផងដែរថាកូរ៉េខាងជើង អាចបង្កឱ្យសហរដ្ឋអាមេរិក មានការផ្លាស់ប្តូរសាច់ដុំជុំថ្មី រួមទាំងការដាក់ពង្រាយ នាវាមុជទឹកមីស៊ីលផ្លោង ខណៈទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ត្រៀមខ្លួនសម្រាប់ការបោះឆ្នោត នៅឆ្នាំក្រោយ។

លោកបានបន្ដថា កូរ៉េខាងជើង អាចនឹងព្យាយាមកេងប្រវ័ញ្ចស្ថានការណ៍នេះ ដោយមានចេតនាញុះញង់អាមេរិក ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យប៉ះពាល់ ដល់សាមគ្គីភាពសម្ព័ន្ធភាព។

គួរបញ្ជាក់ថា ការចរចានុយក្លេអ៊ែររវាងអាមេរិក និងកូរ៉េខាងជើង បានជាប់គាំងចាប់តាំងពីកិច្ចប្រជុំកំពូល នៅទីក្រុងហាណូយរវាង អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅឆ្នាំ២០១៩ បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង ៕

សង្គ្រាមប្រដាប់អាវុធ រវាងមហាអំណាច ពិភពលោកទាំងពីរ នឹងមិនកើតឡើងនោះទេ

វ៉ាស៊ីនតោន៖ លោក Charles Krulak ឧត្តមសេនីយ៍ផ្កាយ ៤ នៃកងម៉ារីនអាមេរិកចូល និវត្តន៍បានលើកឡើងថា សង្គ្រាមមិនមែនជាលទ្ធផល ដែលជៀសមិនរួចនៃ ទំនាក់ទំនងរវាងអាមេរិក និងចិន នាពេលអនាគតនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Krulak បានឲ្យដឹងនៅក្នុងមតិមួយកាលពីថ្ងៃអង្គារ សម្រាប់គម្រោង Syndicate ថាមហាអំណាចនុយក្លេអ៊ែរទាំងពីរ នឹងខិតខំដើម្បីចៀសវាង ជម្លោះប្រដាប់អាវុធដោយផ្ទាល់ ហើយសង្គមអន្តរជាតិ នឹងខិតខំអស់ពីសមត្ថភាព ដើម្បីកាត់បន្ថយហានិភ័យ នៃសង្គ្រាមនុយក្លេអ៊ែរ។

លោកបានលើកឡើងថា ក្រៅពីនេះសហរដ្ឋអាមេរិក នៅតែនាំមុខក្នុងវិស័យយោធា ស្ទើរតែទាំងអស់ ហើយប្រទេសចិន ដែលកំពុងឆ្ពោះទៅរក គោលដៅជាតិរយៈពេលវែង នឹងមានការស្ទាក់ស្ទើរក្នុង ការឈានទៅរកការប៉ះទង្គិចគ្នា ដែលធ្វើឱ្យខាតបង់ សន្ទុះអភិវឌ្ឍន៍របស់ខ្លួន។

លោក Krulak បានលើកឡើងថា ប្រទេសចិនកំពុងទទួលបានជ័យជំនះ ដោយទន់ខ្សោយជាពិសេស បន្ទាប់ពីប្រទេសនេះ បានជាសះស្បើយពីជំងឺរាតត្បាតកូវីដ-១៩ លឿនជាងសហរដ្ឋអាមេរិក និងនៅពេលដែលគំនិត ផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ កំពុងបង្កើតករណីល្អក្នុងការផ្តល់ ហិរញ្ញប្បទានដល់គម្រោង ហេដ្ឋារចនាសម្ព័ន្ធ។

លោកបានកត់សម្គាល់ថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ នៅលើពិភពលោកក៏មាន ទំនាក់ទំនងគ្នាទៅវិញទៅមក និងពឹងផ្អែកគ្នាទៅវិញទៅមក ដែលផ្តល់នូវសតិបណ្តោះអាសន្ន មួយទៀតប្រឆាំងនឹងសង្គ្រាម ៕

To Top