កាប៊ុល៖ ក្រុមតាលីបង់ បានព្រមានថានឹងមាន“ ផលវិបាក” ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនពង្រីកវត្តមានរបស់ពួកគេ នៅអាហ្វហ្គានីស្ថាន លើសពីសប្តាហ៍ក្រោយ នៅពេលដែលភាពវឹកវរនៅតែបន្តគ្របដណ្តប់លើអាកាសយានដ្ឋានទីក្រុងកាប៊ុល។
ការកាន់កាប់ប្រទេស ដោយក្រុមសកម្មប្រយុទ្ធកាលពីចុងសប្តាហ៍មុន បានធ្វើឱ្យប្រទេសលោកខាងលិច មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានមកត្រឹមតែពីរសប្តាហ៍មុនថ្ងៃផុតកំណត់ថ្ងៃទី៣១ ខែសីហា សម្រាប់កងទ័ពទាំងអស់ត្រូវដកថយចេញពីប្រទេសនេះ។

ដើម្បីគ្រប់គ្រងភាពវឹកវរនៃការជម្លៀសជនបរទេស និងជនជាតិអាហ្វហ្គានីស្ថាន ដែលភាគច្រើនភ័យខ្លាចការសងសឹក ចំពោះការធ្វើការជាមួយប្រទេសលោកខាងលិច – ទាហានរាប់ពាន់នាក់ បានហូរចូលអាហ្វហ្គានីស្ថានវិញ ដោយមានសម្ពាធកើនឡើងលើទីក្រុងវ៉ាស៊ីនតោន ដើម្បីពន្យារពេលកំណត់ខាងលើនេះ។
ប៉ុន្តែក្រុមតាលីបង់ ដែលរហូតមកដល់ពេលនេះបានព្យាយាមអត់ធ្មត់ និងបង្កការងាយស្រួល បានបង្ហាញថា មិនមានឆន្ទៈក្នុងការសម្របសម្រួលលើការដកកងទ័ពអាមេរិកនោះទេ។
អ្នកនាំពាក្យក្រុមតាលីបង់លោក Suhail Shaheen បានប្រាប់ទូរទស្សន៍ Sky News ឲ្យដឹងថា“ ប្រសិនបើសហរដ្ឋអាមេរិក ឬចក្រភពអង់គ្លេស ស្វែងរកពេលវេលាបន្ថែម ដើម្បីបន្តការជម្លៀសប្រជាជននោះចម្លើយគឺមិនមែនទេ ឬនឹងមានផលវិបាក” ។
លោកបានបន្ថែមថា ការស្នាក់នៅលើសពីកាលកំណត់ ដែលបានព្រមព្រៀងគ្នាគឺ“ ពង្រីកការកាន់កាប់” ទៅវិញទេ ការព្រមានធ្វើគឺដោយសារតែរហូតមកដល់ពេលនេះ អាមេរិក និងសម្ព័ន្ធមិត្ដរបស់ខ្លួន នៅតែមិនទាន់បានបញ្ចប់ការជម្លៀសពលរដ្ឋរបស់ខ្លួនអស់នៅឡើយទេ ៕
ដោយ ឈូក បូរ៉ា
