ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មមេដឹកនាំ យោធាអេរីទ្រា ជុំវិញការរំលោភបំពាននៅតំបន់ Tigray

បរទេស៖ រដ្ឋបាលលោក បៃដិន នាពេលថ្មីៗនេះ បានដាក់ទណ្ឌកម្មមេដឹក នាំយោធាអេរីទ្រា ជុំវិញបទចោទប្រកាន់ថា កងកម្លាំងរបស់លោក បានប្រព្រឹត្តរំលោភបំពានសិទ្ធិមនុស្ស ស្របពេលមានសង្គ្រាមប្រព្រឹត្តទៅ នៅក្នុងតំបន់ Tigray នៃប្រទេសអេត្យូពី ជាទីដែលជនស៊ីវិលរងវិបត្តិមនុស្សជាតិ។


នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានចុះបញ្ជីខ្មៅលោកឧត្តមសេនីយ៍ Filipos Woldeyohannes អគ្គេសេនាធិការនៃកងកម្លាំងការពារជាតិអេរីទ្រា ក្រោមច្បាប់គណនេយ្យភាពសិទ្ធិមនុស្សសកល Magnitsky ដែលផ្តោតគោលដៅលើបុគ្គលទាំងឡាយណា ដែលរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងប្រព្រឹត្តអំពើពុករលួយនៅជុំវិញពិភពលោក។


តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា លោក Filipos Woldeyohannes ដឹកនំាយោធាមួយ ដែលបាននិងកំពុងតែប្រយុទ្ធនឹងរណសិរ្សរំដោះប្រជាជន Tigray ដែលមានព្រំដែនជាប់នឹងប្រទេសអេរីទ្រា។


ការប្រយុទ្ធគ្នារវាងរដ្ឋាភិបាលអេត្យូពីនិងកងកម្លាំងរណសិរ្សរំដោះប្រជាជននោះ បានផ្ទុះឡើងនៅក្នុងខែវិច្ឆិកា ដោយប្រទេសអេរីទ្រា បានចូលរួមជាមួយប្រទេសជិតខាងរបស់ខ្លួន ក្នុងការធ្វើសង្គ្រាមប្រឆាំងក្រុមជាតិនិយមដែលជាជនជាតិភាគតិច៕


ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top