ព័ត៌មានអន្តរជាតិ

លោក ឌូតឺតេ យល់ព្រមឈរឈ្មោះ ជាអនុប្រធានាធិបតី ក្នុងឆ្នាំ២០២២

បរទេស ៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ នាពេលថ្មីៗនេះ បានយល់ព្រមឈរឈ្មោះ ជាបេក្ខភាពអនុប្រធានាធិបតី របស់បក្សកាន់អំណាច នៅក្នុងការបោះឆ្នោតឆ្នាំក្រោយ នេះបើតាមសម្តី គណបក្ស PDP-Laban និយាយនៅថ្ងៃអង្គារនេះ ។

គណបក្ស PDP-Laban បានធ្វើសេចក្តីប្រកាសនេះ នៅមុនកិច្ចប្រជុំសភាជាតិ នាថ្ងៃទី០៨ ខែកញ្ញា ដែលវាក៏ត្រូវបានគេរំពឹងផងដែរថា នឹងគាំទ្រដល់់ជំនួយការ របស់លោក ឌូតឺតេ និងសមាជិកព្រឹទ្ធសភាបច្ចុប្បន្ន លោក Christopher “Bong” Go ឲ្យជាបេក្ខភាពប្រធានាធិបតី នៅក្នុងការបោះឆ្នោតឆ្នាំ២០២២ ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Strait Times នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា អនុប្រធានប្រតិបត្តិ នៃគណបក្ស PDP-Laban លោក Karlo Nograles បាននិយាយក្នុងសេចក្តីថ្លែង ការណ៍មួយថា លោក ឌូតឺតេ កំពុងធ្វើការលះបង់ និងយកចិត្តទុកដាក់ ចំពោះសម្រែកប្រជាជន ។

គួរបញ្ជាក់ថា នៅក្នុងប្រទេសហ្វីលីពីន ប្រធានាធិបតី ត្រូវបានគេកំណត់ឲ្យកាន់អំណាចមួយអាណត្តិ រយៈពេល៦ឆ្នាំ ហើយអាណត្តិរបស់លោកប្រធានាធិបតី ឌូតឺតេ នឹងដល់ទីបញ្ចប់នៅត្រឹមខែមិថុនា ឆ្នាំក្រោយនេះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top