ព័ត៌មានអន្តរជាតិ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម ជ្រើសរើសក្បាលម៉ាស៊ីនថ្មី ជំនួសលោកង្វៀន ថាញ់ភុង

ហូជីមិញ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថាសមាជិកសភានៃទីក្រុងហូជីមិញភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃអង្គារនេះបានជ្រើសរើសលោក ផាន់ វ៉ាន់ម៉ៃ ជាប្រធានគណៈកម្មាធិការប្រជាជនក្រុងថ្មី សម្រាប់ឆ្នាំ ២០២១-២០២៦ ជំនួសលោកង្វៀន ថាញ់ភុង។

លោក ម៉ៃ អាយុ ៤៨ ឆ្នាំបានឈ្នះការបោះឆ្នោតដោយមានអត្រាយល់ព្រម ៩៧,៧៥ ភាគរយនៅក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយគណៈកម្មាធិការ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ដោយបង្ហាញពីផែនការសកម្មភាពរបស់លោក ក្នុងនោះលោក ម៉ៃ បានលើកឡើងថា លោកនឹងមានភាពច្នៃប្រឌិតភាពក្លាហាន និងការទទួលខុសត្រូវក្នុងការដឹកនាំការអនុវត្តភារកិច្ចដោយខិតខំតស៊ូ ដើម្បីផលប្រយោជន៍ប្រជាជននិងការអភិវឌ្ឍទីក្រុង។

លោកបានសន្យាថា នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះការបង្ការ និងគ្រប់គ្រងជំងឺកូវីដ -១៩ ដោយផ្តោតលើការព្យាបាលកាត់បន្ថយការស្លាប់ និងការថែរក្សាសុខភាពប្រជាជនឱ្យបានល្អ ជាពិសេសអ្នកក្រ និងអ្នកដែលជួបការលំបាកព្រមទាំងអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសមស្រប ដើម្បីសម្របសម្រួល លក្ខខណ្ឌរីករាលដាល ដែលអូសបន្លាយពេល និងស្មុគស្មាញ។

លោក ម៉ៃ ត្រូវបានការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣ (CPVCC) តែងតាំងជាអនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រុងហូជីមិញ កាលពីខែមិថុនា។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានតម្រូវឲ្យលោក ង្វៀន ថាញ់ភុង អាយុ ៥៩ ឆ្នាំចេញពីតំណែង។ ថ្មីៗនេះលោកត្រូវបានតែងតាំងជាអនុប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនៃ CPVCC ដោយការិយាល័យនយោបាយនៃ CPVCC៕ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×