បរទេស៖ ព័ត៌មាននេះកើតឡើងចំពេល កិច្ចខិតខំប្រឹងប្រែងខ្លាំងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅណាតូ ក្នុងការជម្លៀសប្រជាជនអាហ្វហ្គានីស្ថាន ដែលបានធ្វើការឱ្យកងកម្លាំងបរទេស។ មេដឹកនាំនៃក្រុមប្រទេស G7 បានដាក់សម្ពាធប្រធានាធិបតីអាមេរិកលោក Joe Biden ឱ្យពន្យាពេលការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ហួសពីថ្ងៃផុតកំណត់ថ្ងៃទី ៣១ ខែសីហា ដែលបានព្រមព្រៀងជាមួយក្រុមសកម្មប្រយុទ្ធ ផងដែរ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត The Washington Post បានរាយការណ៍ដោយស្រង់សម្តីពីមន្រ្តីអាមេរិកថា នាយកទីភ្នាក់ងារ CIA របស់អាមេរិកលោក William J. Burns បានរៀបចំកិច្ចប្រជុំសម្ងាត់មួយជាមួយមេដឹកនាំតាលីបង់ គឺលោក Abdul Ghani Baradar ក្នុងរដ្ឋធានីកាប៊ុល កាលពីថ្ងៃច័ន្ទ ។ យោងតាមកាសែត នេះគឺជាការចរចាទល់មុខគ្នាកម្រិតខ្ពស់បំផុតរវាងក្រុមតាលីបង់និងរដ្ឋបាលប៊ីដិន។
កាសែត បានសរសេរថា CIA បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ ប៉ុន្តែកត់សំគាល់ថា កិច្ចប្រជុំនេះទំនងជាផ្តោតលើកាលកំណត់ដែលជិតមកដល់សម្រាប់យោធាអាមេរិក ដើម្បីជម្លៀសពលរដ្ឋអាមេរិកនិងអាហ្វហ្គាន ដែលបានធ្វើការជាមួយកងកម្លាំងអាមេរិក និងណាតូ។
មិត្តជិតស្និទ្ធរបស់អតីតមេដឹកនាំតាលីបង់លោក Muhammad Omar គឺលោក Abdul Ghani Baradar បានបម្រើការជាប្រធានក្រុមចរចាក្នុងកិច្ចចរចាសន្តិភាពជាមួយសហរដ្ឋអាមេរិក ចាប់តាំងពីលោកត្រូវបានដោះលែងពីពន្ធនាគារនៅប៉ាគីស្ថានក្នុងឆ្នាំ ២០១៨ ៕ប្រែសម្រួលៈ ណៃ តុលា