Covid-19

ការស៊ើបអង្កេត របស់សហគមន៍ចារកម្មអាមេរិក ស្តីពីប្រភពដើមជំងឺកូវីដ-១៩ ចាប់ផ្តើមពីការសន្និដ្ឋានខុស

វ៉ាស៊ីនតោន៖ ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ការស៊ើបអង្កេតរបស់សហគមន៍ ចារកម្មអាមេរិកទៅលើ ប្រភពដើមនៃជំងឺកូវីដ-១៩ បានដំណើរការចេញពី ការសន្និដ្ឋានខុសហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ស្ថានទូតបានឲ្យដឹង នៅក្នុងអត្ថបទមតិមួយ ដែលបានបង្ហោះនៅលើ គេហទំព័ររបស់ខ្លួនថា “ពីព្រោះមិនមានមេរោគណា ដែលផលិតដោយ មន្ទីរពិសោធន៍ចិននោះទេ”។ នៅចុងខែនេះ“ សហគមន៍ចារកម្មអាមេរិក នឹងបង្កើតរបាយការណ៍ ស្តីពីថាតើវីរុសនេះកើតចេញពីធម្មជាតិ ឬមកពីការលេចធ្លាយ ពីមន្ទីរពិសោធន៍ ដោយមិនគិតពីការស៊ើបអង្កេត បានដំណើរការចេញពីការ សន្និដ្ឋានខុសកាលពីដើម”។

អត្ថបទដែលមានចំណងជើងថា“ គាំទ្រការតាមដានប្រភពដើម តាមបែបវិទ្យាសាស្រ្តប្រឆាំង មេរោគនយោបាយ” ត្រូវបានគេគ្រោងនឹងបញ្ជូន ទៅប្រព័ន្ធផ្សព្វផ្សាយអាមេរិក មួយចំនួនដើម្បីបញ្ជាក់ការពិត និងបដិសេធការអះអាង គ្មានមូលដ្ឋានដែលថា ជំងឺកូវីដ-១៩ ត្រូវបានលេចធ្លាយចេញ ពីមន្ទីរពិសោធន៍ចិន។

ស្ថានទូតបានឲ្យដឹងថា “ប៉ុន្តែការបញ្ជូនរបស់យើងទាំងអស់ ត្រូវបានច្រានចោល។ ការស្តីបន្ទោសអ្នកដ៏ទៃ ដោយមិនផ្តល់ឱកាស ឱ្យពួកគេការពារខ្លួន៖ តើនេះជាអ្វីដែលសេរីភាពសារព័ត៌មាន និងការនិយាយបែបអាមេរិកមែនទេ?”។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការកេងបន្លំនយោបាយ លើបញ្ហាដើមកំណើតមេរោគកូរ៉ូណា ដោយលើកឡើងថា សហរដ្ឋអាមេរិក គួរតែអញ្ជើញអ្នកជំនាញរបស់ WHO បើកការស៊ើបអង្កេតនៅ Fort Detrick និងសាកលវិទ្យាល័យ North Carolina (UNC) ដើម្បីស្វែងរក ប្រភពនៃមេរោគប្រសិនបើខ្លួន ពឹងផ្អែកលើការទទូចទ្រឹស្តីមន្ទីរពិសោធន៍-លេចធ្លាយ។

អ្នកនាំពាក្យចិនលោក វ៉ាង វេនប៊ីន បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពីតំណាងអចិន្ត្រៃយ៍ចិន ប្រចាំការិយាល័យ អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិដទៃទៀត នៅប្រទេសស្វីស បានសរសេរទៅអគ្គនាយកអង្គការ សុខភាពពិភពលោក (WHO) ហើយបានបញ្ជូនឯកសារពីរ ឯកសារស្តីពីមន្ទីរពិសោធន៍ Fort Detrick និង UNC ក៏ដូចជាលិខិតចំហដែលចុះហត្ថលេខា ដោយអ្នកប្រើអ៊ិនធឺណិតទាមទារ ឱ្យមានការស៊ើបអង្កេតលើ Fort Detrick ។

លោកវ៉ាង បានលើកឡើងថា ជំហររបស់ចិន លើការតាមដានប្រភពមេរោគសកល គឺមានភាពស៊ីសង្វាក់គ្នា និងច្បាស់លាស់ដោយបន្ថែមបញ្ហានេះ គឺផ្អែកលើវិទ្យាសាស្ត្រ ហើយចិន តែងតែគាំទ្រហើយនឹងបន្តចូលរួម ក្នុងការតាមដានប្រភពដើម តាមបែបវិទ្យាសាស្ត្រ។

សេចក្តីសន្និដ្ឋាន និងអនុសាសន៍នៃ របាយការណ៍សិក្សារួមគ្នារវាងចិន និងអង្គការសុខភាពពិភពលោក WHO ត្រូវបានសហគមន៍អន្តរជាតិ និងសហគមន៍វិទ្យាសាស្ត្រ ទទួលស្គាល់ហើយត្រូវតែគោរព និងអនុវត្ត។

វិទ្យាស្ថានមេរោគឆ្លងវូហាន (WIV) បានទទួលអ្នកជំនាញរបស់ WHO ពីរដង។ អ្នកនាំពាក្យរូបនេះបានបន្ដថា វាមិនទំនងនោះទេ ដែលវីរុសកូរ៉ូណាថ្មី ត្រូវបានលេចធ្លាយចេញពី WIV-នេះគឺជាការសន្និដ្ឋានច្បាស់លាស់នៃ របាយការណ៍សិក្សារួមគ្នារវាងចិន និង WHO ។ អ្នកទាំងឡាយណាដែលទទូចថា លទ្ធភាពនៃការលេចធ្លាយមន្ទីរពិសោធន៍ មិនអាចបដិសេធ បានគួរតែស៊ើបអង្កេតលើ Fort Detrick និង UNC ជាគោលការណ៍យុត្តិធម៌។

លោកវ៉ាង បានបន្ថែមថា សហគមន៍អន្តរជាតិរួម ទាំងសាធារណជនអាមេរិក បានព្រួយបារម្ភជាយូរមកហើយ អំពីសកម្មភាពខុសច្បាប់ មិនមានតម្លាភាព និងគ្មានសុវត្ថិភាពរបស់ Fort Detrick ដោយលើកឡើងពីឧបទ្ទវហេតុសុវត្ថិភាព ជីវសាស្ត្រនៅឆ្នាំ២០១៩ ដែលនាំឱ្យមានការបិទមន្ទីរពិសោធន៍ និងការផ្ទុះឡើងជាបន្តបន្ទាប់ នៃជំងឺដែលមានរោគសញ្ញា ស្រដៀងគ្នានៃជំងឺកូវីដ -១៩ ។

សម្រាប់ UNC អ្នកនាំពាក្យបានចង្អុល បង្ហាញថាក្រុមបារិក ដែលដឹកនាំពិភពលោកក្នុង ការស្រាវជ្រាវក្នុងវិស័យនេះ ហើយមានសមត្ថភាពខ្ពស់ ក្នុងការសំយោគ និងកែប្រែមេរោគឆ្លង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកវ៉ាង បានបន្ថែមថា “យើងសង្ឃឹមថា សហគមន៍អន្តរជាតិ អាចសហការគ្នា ដើម្បីទប់ទល់នឹងប្រតិកម្មនៃនយោបាយ និងនាំយកប្រភពដើមនៃ ការសិក្សាត្រលប់ទៅរកផ្លូវត្រូវនៃ កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ” ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top