ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឯកភាពថា ប្រទេសទាំងពីរនឹងរួមដៃគ្នាធ្វើឱ្យស្ថានការណ៍នៅអាហ្វហ្គានីស្ថានមានស្ថិរភាពឡើងវិញ ក្នុងពេលសន្ទនាតាមទូរស័ព្ទរបស់មេដឹកនាំកំពូលទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
កិច្ចពិភាក្សារបស់មេដឹកនាំកំពូលទាំងពីរ បានកើតឡើងនៅពេលដែលប្រទេសចិន មានបំណងពង្រឹងឥទ្ធិពលរបស់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការដកកងកម្លាំងយោធាអាមេរិក ចេញពីប្រទេសដោយភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បង្ហាញពីសញ្ញានៃការធូរស្រាលក្នុងពេលឆាប់ៗនេះ។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួផ្លូវការបានដកស្រង់សម្តីលោកស៊ី ជីនពីង ដែលបានប្រាប់ទៅលោកពូទីនថា ចិន ត្រៀមខ្លួនដើម្បីពង្រឹងការទំនាក់ទំនង និងការសម្របសម្រួលជាមួយរុស្ស៊ី និងសហគមន៍អន្តរជាតិទូលំទូលាយលើបញ្ហាអាហ្វហ្គានីស្ថាន។
ប្រធានាធិបតីចិន ក៏បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកទឹកចិត្តគ្រប់បក្សទាំងអស់នៅអាហ្វហ្គានីស្ថាន ដើម្បីកសាងរចនាសម្ព័ន្ធនយោបាយបើកចំហ និងរួមបញ្ចូលគ្នាតាមរយៈការពិគ្រោះយោបល់ និងការផ្តាច់ខ្លួនចេញពីក្រុមភេរវករទាំងអស់។
ចំពោះជំងឺរាតត្បាតកូវីដ-១៩ លោកស៊ី ជីនពីង បានប្រាប់លោកពូទីនថា ចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយរុស្ស៊ី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ និងផលិតវ៉ាក់សាំង។
ក្នុងពេលជាមួយគ្នានេះលោកពូទីន បានលើកឡើងថា ប្រទេសរុស្ស៊ី ប្រឆាំងនឹងការធ្វើនយោបាយនៃការតាមដានប្រភពដើមជំងឺកូវីដ -១៩ ព្រោះចិន និងសហរដ្ឋអាមេរិក មានភាពផ្ទុយគ្នាអំពីប្រភពដើមនៃមេរោគ ដែលត្រូវបានរកឃើញដំបូងនៅកណ្តាលទីក្រុងវូហាន ប្រទេសចិន នៅចុងឆ្នាំ ២០១៩៕
ដោយ ឈូក បូរ៉ា