ហាណូយ៖ អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស បានឲ្យដឹងអំឡុងដំណើររបស់លោកស្រី ទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១ លានដូសបន្ថែមទៀត ដល់ប្រទេសនេះ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។
ក្នុងអំឡុងពេលពិភាក្សាជាមួយមន្រ្តីវៀតណាម រួមទាំងប្រធានាធិបតីលោក Nguyen Xuan Phuc នៅរដ្ឋធានីហាណូយ លោកស្រី ហារីស ក៏បានផ្តល់ការជូនដំណឹងដល់ប្រទេសចិន អំពីការទាមទាររបស់ខ្លួននៅសមុទ្រចិនខាងត្បូង ដែលវៀតណាម មានជម្លោះទឹកដីជាមួយប្រទេសជិតខាងភាគខាងជើងរបស់ខ្លួនផងដែរ។
សហរដ្ឋអាមេរិក បានបរិច្ចាគវ៉ាក់សាំងប្រហែល ៥ លានដូស ដល់ប្រទេសវៀតណាមរួចមកហើយ ដោយលោកស្រី ហារីស បានឲ្យដឹងមុននេះថា សហរដ្ឋអាមេរិក មានបំណងបម្រើជា“ ឃ្លាំងការពារវ៉ាក់សាំង ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព សម្រាប់ពិភពលោកទាំងមូលរបស់យើង” ។
អនុប្រធានាធិបតីអាមេរិករូបនេះបានលើកឡើងថា ក្រសួងការពារជាតិបានប្តេជ្ញាផ្តល់ជូនទូទឹកកកវ៉ាក់សាំង ដែលមានសីតុណ្ហភាពទាបបំផុតចំនួន ៧៧ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងចែកចាយវ៉ាក់សាំង នៅខេត្តទាំង ៦៣ នៃប្រទេសវៀតណាម។
ប្រទេសវៀតណាម បានប្រឈមមុខនឹងករណីឆ្លងវីរុសកើនឡើងចាប់តាំងពីខែមេសា ប៉ុន្តែអត្រាចាក់វ៉ាក់សាំងរបស់ប្រទេសនេះ នៅតែទាប។ គិតត្រឹមថ្ងៃអាទិត្យកន្លងទៅនេះ មានតែប្រជាជនវៀតណាមតិចជាង ២ ភាគរយប៉ុណ្ណោះ ដែលបានទទួលថ្នាំបង្ការពេញលេញ៕
ដោយ ឈូក បូរ៉ា