ព័ត៌មានអន្តរជាតិ

មហាអំណាច ចិន-អាមេរិក រក្សាបាននូវប្រក្រតីភាពទំនាក់ទំងសេដ្ឋកិច្ច និងពាណិជ្ជកម្ម

ប៉េកាំង៖ ក្រុមការងារសេដ្ឋកិច្ច និងពាណិជ្ជកម្មមកពីប្រទេសចិន និងសហរដ្ឋអាមេរិក បានរក្សាទំនាក់ទំនងធម្មតា នេះបើយោងតាមក្រសួងពាណិជ្ជកម្ម (MOC) បើទោះបីជាប្រទេសទាំងពីរមានការតានតឹងដាក់គ្នាជុំវិញបញ្ហាធំៗជាច្រើនទៀតយ៉ាងណាក្ដី។

អ្នកនាំពាក្យ MOC លោក Gao Feng បានលើកឡើងថា ក្នុងរយៈពេល ៧ ខែដំបូង នៃឆ្នាំនេះ ទំហំពាណិជ្ជកម្មទំនិញទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើង ៤០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភា្នក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Gao បានបន្ដថា ក្នុងអំឡុងពេលនេះការនាំចូលរបស់ចិន ពីសហរដ្ឋអាមេរិក បានកើនឡើង ៥០,៤ ភាគរយ ធៀបនឹងឆ្នាំមុន ខណៈការនាំចេញបានកើនឡើង ៣៦,៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

លោក Gao បានបន្ថែមថា នោះបង្ហាញយ៉ាងពេញលេញអំពីសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដែលមានការបំពេញបន្ថែមគ្នាយ៉ាងខ្លាំង ដោយបន្ថែមថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី គឺស្របតាមផលប្រយោជន៍របស់ប្រទេស និងប្រជាជនទាំងពីរ។

លោក Gao បានបញ្ជាក់បន្ថែមថា ប្រទេសចិន តែងតែរក្សាថា ការដាក់ពន្ធបន្ថែមដោយសហរដ្ឋអាមេរិក គឺមិនល្អសម្រាប់ប្រទេសចិន-សហរដ្ឋអាមេរិក ក៏ដូចជាការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក៕

ដោយ ឈូក បូរ៉ា

To Top