បរទេស៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា ការដឹកជញ្ជូនរបស់អាមេរិកពីទីក្រុងកាប៊ុល នឹងបន្ត ទោះបីមានការវាយប្រហារដោយក្រុមជីហាដដែលបានសម្លាប់មនុស្សជាង ៦០ នាក់ ក្នុងនោះមានសមាជិកសេវាកម្មអាមេរិកចំនួន ១៣ នាក់ក៏ដោយ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោក បៃដិន បានមានប្រសាសន៍ថា“ យើងត្រូវតែបំពេញបេសកកម្មនេះ ហើយយើងនឹងធ្វើ” ហើយលោកក៏ប្តេជ្ញាតាមប្រមាញ់ជនដៃដល់ផងដែរ។
មនុស្សជាង ១០ ម៉ឺននាក់ត្រូវបានជម្លៀសចេញពីទីក្រុងកាប៊ុល ដែលបានធ្លាក់ទៅលើក្រុមតាលីបង់កាលពីថ្ងៃទី ១៥ ខែសីហា។ ប៉ុន្តែជនជាតិអាហ្វហ្គានីស្ថានជាច្រើនទៀតបានប្រញាប់ប្រញាល់ទៅព្រលានយន្តហោះមុនថ្ងៃកំណត់ថ្ងៃទី ៣១ ខែសីហា សម្រាប់ការចាកចេញរបស់កងកម្លាំងអាមេរិក។
លោកបៃដិនប្តេជ្ញាបញ្ចប់បេសកកម្មនេះដោយបន្ថែមថា“ យើងនឹងមិនត្រូវបានរារាំងដោយពួកភេរវករឡើយ” ៕
ប្រែសម្រួលៈ ណៃ តុលា