ប៉េកាំង ៖ អ្នកនាំពាក្យយោធាចិនម្នាក់ បានជំរុញឱ្យសហរដ្ឋអាមេរិក គោរពផលប្រយោជន៍ស្នូល និងកង្វល់ធំៗ របស់ចិន កែតម្រូវពាក្យសម្ដី និងទង្វើខុសឆ្គងរបស់ខ្លួន ហើយធ្វើអ្វីៗជាច្រើនទៀត ដើម្បីធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនង រវាងប្រទេស និងយោធាទាំងពីរ។
លោក តាន់ ខេហ្វឺ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា មួយរយៈចុងក្រោយនេះ មន្រ្តីយោធាអាមេរិកមួយចំនួន បានធ្វើការកត់សម្គាល់ដោយគ្មានការ ទទួលខុសត្រូវ និងយល់ច្រលំ ចំពោះបញ្ហាអំពីប្រទេសចិន។
លោកបានលើកឡើងថា“ យើងប្រឆាំងដាច់ខាត ចំពោះការលើកឡើងបែបនេះ” ។ លោកតាន់ បានបន្ដថា ដើមចមនៃការលំបាក ក្នុងទំនាក់ទំនងទ្វេភាគី គឺការឈ្លក់វង្វេងរបស់ភាគីអាមេរិក ចំពោះអនុត្តរភាពចិត្តគំនិត សង្គ្រាមត្រជាក់របស់ខ្លួន។
លោកតាន់ បានបន្ថែមថា សហរដ្ឋអាមេរិកមើលឃើញថា ចិនជាគូប្រជែងយុទ្ធសាស្ត្រ និងជាការគំរាមកំហែង ផ្នែកសន្តិសុខ ហើយបាននិងកំពុង ធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ និងគាបសង្កត់ប្រទេសចិន ដែលធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យ ភាពសន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ របស់ចិនយ៉ាងធ្ងន់ធ្ងរ ។
រំលឹកឡើងវិញពីការប្តេជ្ញាចិត្តរបស់ចិន ចំពោះការអភិវឌ្ឍន៍ ដោយសន្តិវិធី លោក តាន់ បានចោទប្រកាន់សហរដ្ឋអាមេរិកថា ជាកត្តាចំបង ដែលជំរុញឱ្យមានភាពតានតឹងនៅសមុទ្រចិនខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ដថា“ យោធាចិន នឹងការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ការអភិវឌ្ឍន៍ របស់ប្រទេសចិន ហើយប្រកាន់ខ្ជាប់យ៉ាង ម៉ឺងម៉ាត់នូវសន្តិភាព និងស្ថិរភាពក្នុងតំបន់និងពិភពលោក” ៕
ដោយ ឈូក បូរ៉ា