ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់-រុស្ស៊ី ជួបពិភាក្សា លើបញ្ហាធំៗ៣

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir Abdollahian និងសមភាគីរុស្ស៊ីលោក Sergei Lavrov បានពិភាក្សាអំពីបញ្ហានានា រួមមានទំនាក់ទំនងទ្វេភាគី ស្ថានភាពបច្ចុប្បន្ននៅអាហ្វហ្គានីស្ថាន និងកិច្ចពិភាក្សានុយក្លេអ៊ែរ។

ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ អ្នកការទូតទាំងពីរ បានគូសបញ្ជាក់ពីតម្រូវការ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នៅលើឆាកអន្តរជាតិ ជាពិសេសទាក់ទងនឹង ប្រទេសអាហ្វហ្គានីស្ថាន ដែលស្ថានភាពបច្ចុប្បន្នកំពុង ធ្លាក់ចុះខ្លាំងក្រោយមានការ បំផ្ទុះគ្រាប់អត្ដឃាតជាបន្ដបន្ទាប់។

អ្នកការទូតកំពូលរុស្ស៊ី និងអ៊ីរ៉ង់ បានអំពាវនាវឱ្យមានការសន្ទនា ដោយសន្តិវិធីក្នុងចំណោម បក្សនយោបាយអាហ្វហ្គានីស្ថាន និងការបង្កើតរដ្ឋាភិបាល រួមបញ្ចូលគ្នាជាមធ្យោបាយ តែមួយគត់ដើម្បីបញ្ចប់អំពើហិង្សា នៅអាហ្វហ្គានីស្ថាន។

ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ នឹងគាំទ្ររដ្ឋាភិបាលមួយដែលត្រូវបានបង្កើតឡើង តាមរយៈកិច្ចចរចាដោយសន្តិវិធី នៅអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

របាយការណ៍បានឲ្យដឹងថា អ្នកទាំងពីរក៏បានពិភាក្សាផងដែរ អំពីការបន្តកិច្ចពិភាក្សាក្រុងវីយែន ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ដែលភាគីអ៊ីរ៉ង់ និងអាមេរិក កំពុងជាប់គាំង ៕

ដោយ ឈូក បូរ៉ា

To Top