ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្ដិសុខ ថ្កោលទោសការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកជាបន្ដបន្ទាប់ នៅទីក្រុងកាប៊ុល

យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនៅជិត អាកាសយានដ្ឋានទីក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍ ដោយមានជនស៊ីវិល និងបុគ្គលិកយោធារាប់សិបនាក់បានស្លាប់ និងរងរបួស។

តាមរយៈសេចក្តីថ្លែងការណ៍ សារព័ត៌មានសមាជិកក្រុមប្រឹក្សាសន្តិសុខ បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះការវាយប្រហារដ៏អាក្រក់ ដែលត្រូវបានអះអាង ដោយក្រុមរដ្ឋអ៊ីស្លាម នៅខេត្ត Khorasan ដែលជាសម្ព័ន្ធរបស់អាហ្វហ្គានីស្ថាន ជាមួយក្រុមរដ្ឋអ៊ីស្លាម នៅអ៊ីរ៉ាក់ និងលេវ៉ាន់។

សមាជិកក្រុមប្រឹក្សា បានសម្តែងការអាណិតអាសូរ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារជនរងគ្រោះ ហើយសូមជូនពរឲ្យអ្នក ដែលរងរបួសឆាប់ជាសះស្បើយឡើងវិញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សមាជិកទាំងអស់បានរំលឹកថា គ្រប់ភាគីទាំងអស់ត្រូវ គោរពកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ នៅគ្រប់កាលៈទេសៈ រួមទាំងភាគីពាក់ព័ន្ធនឹងការ ការពារជនស៊ីវិលផងដែរ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ពួកគេបានបញ្ជាក់ជាថ្មីថា អំពើភេរវកម្មនៅគ្រប់ទម្រង់ និងការបង្ហាញទាំងអស់ គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរ បំផុតមួយចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ។ “ការតម្រង់គោលដៅដោយ ចេតនាទៅលើជនស៊ីវិល និងបុគ្គលិក ដែលជួយក្នុងការជម្លៀស ជនស៊ីវិលជាពិសេស គឺគួរឱ្យស្អប់ខ្ពើម ហើយត្រូវតែថ្កោលទោស” ។

សមាជិកទាំងអស់ បានគូសបញ្ជាក់ពីតម្រូវការ ដើម្បីចាប់ជនល្មើស អ្នករៀបចំអ្នកផ្តល់ហិរញ្ញប្បទាន និងអ្នកឧបត្ថម្ភចំពោះអំពើភេរវកម្ម ដ៏គួរឱ្យស្អប់ខ្ពើមទាំងនេះ ឱ្យទទួលខុសត្រូវ និងនាំពួកគេមករកយុត្តិធម៌ ហើយបានជំរុញឱ្យរដ្ឋទាំងអស់ គោរពតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខ ពាក់ព័ន្ធដើម្បីសហការយ៉ាងសកម្មជាមួយ អាជ្ញាធរពាក់ព័ន្ធក្នុងរឿងនេះ ៕

ដោយ ឈូក បូរ៉ា

To Top