ព័ត៌មានអន្តរជាតិ

អ៊ីតាលី នឹងជម្រុញ ឲ្យមានកិច្ចប្រជុំ ជាពិសេសមួយដោយ G20 លើបញ្ហា អាហ្គានីស្ថាន

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រទេសអ៊ីតាលី ដែលនឹងត្រៀមខ្លួន ជាប្រធាន នៃកិច្ចប្រជុំ G20 អាណត្តិថ្មីនោះ គឺកំពុងតែ ចាប់ផ្តើមជម្រុញ ឲ្យមានកិច្ចប្រជុំជាពិសេសមួយ ពីសំណាក់សមាជិកទាំង២០ ទៅលើបញ្ហា នៃប្រទេសអាហ្គានីស្ថាន ខណៈដែលការហោះហើរជន្លៀស ចុងក្រោយគឺធ្វើឡើង នៅត្រឹមថ្ងៃសុក្រម្សិលមិញ ។

ជើងហោះហើរចុងក្រោយ របស់អ៊ីតាលីដែលត្រូវបាន ធ្វើដោយ យន្តយោធា C-130 បានធ្វើឡើង កាលពីយប់ថ្ងៃសុក្រហើយ នឹងត្រូវរំពឹងទុកថា នឹង ហោះទៅដល់ទីក្រុងរ៉ូម នៅវេលា ព្រឹកថ្ងៃសៅរ៍នេះ ពោលគឺបាននាំ យកមកវិញទាំងអស់ នូវពលរដ្ឋអ៊ីតាលី ដែលបានស្នើសុំធ្វើមាតុភូមិ និវត្តពីអាហ្គានីស្ថាន ។

រដ្ឋមន្ត្រីក្រសួងការបរទេស អ៊ីតាលី លោក Luigi Di Maio បានបញ្ជាក់ថា មកដល់ពេលនេះអ៊ីតាលី បានដឹកជញ្ជូនជនជាតិ អាហ្គានីស្ថាន ប្រមាណជា ៤៩០០នាក់ ដែលបាន សម្រេចចិត្តភៀសខ្លួន ចេញពីប្រទេស ដែលកំពុងគ្រប់គ្រង ដោយក្រុងតាលីបង់ ។

នៅក្នុងកិច្ចប្រជុំ មួយ ជាមួយនឹងរដ្ឋមន្ត្រីការ បរទេស រុស្សី Sergei Lavrov លោក Di Maio បានបញ្ជាក់ថា អ៊ីតាលី បានរៀបចំផែនការ មួយ រួចហើយដើម្បី បង្កើត កិច្ចប្រជុំ មួយដោយសមាជិក G20 ទៅលើបញ្ហាអាហ្គានីស្ថាន នាខែកញ្ញាខាងមុខនេះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top