Covid-19

ថ្ងៃនេះអង់គ្លេស មានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង ៣៣០០០ករណី ប៉ុន្ដែករណីស្លាប់ធ្លាក់ចុះ

ឡុងដ៌៖ មនុស្សចំនួន ៣៣,១៩៦ នាក់ផ្សេងទៀតនៅក្នុង ចក្រភពអង់គ្លេស បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនករណីឆ្លង វីរុសសរុបនៅក្នុងប្រទេស កើនឡើងដល់ ៦,៧៣១,៤២៣ករណី នេះបើយោងតាមតួលេខផ្លូវការ ដែលបានចេញផ្សាយដោយ ក្រសួងសុខាភិបាល។

ប្រទេសនេះក៏បានរាយការណ៍ ពីការស្លាប់ទាក់ទងនឹងមេរោគឆ្លងចំនួន ៦១នាក់ ផ្សេងទៀត។ ចំនួនសរុបនៃការស្លាប់ ទាក់ទងនឹងមេរោគឆ្លង នៅចក្រភពអង់គ្លេសឥឡូវនេះ មានចំនួន ១៣២,៤៣៧ នាក់។ តួលេខទាំងនេះរួមបញ្ចូលទាំង ការស្លាប់របស់មនុស្សដែល បានស្លាប់ក្នុងរយៈពេល ២៨ ថ្ងៃនៃការធ្វើតេស្តវិជ្ជមាន ដំបូងរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

វេជ្ជបណ្ឌិត Zania Stamataki អ្នកជំនាញផ្នែកប្រព័ន្ធភាពស៊ាំមេរោគ នៅសាកលវិទ្យាល័យប៊ឺមីងហាំ បានលើកឡើងថា មេរោគក្លាយពូជ Delta ក្លាយជាមេរោគចម្បងចំពោះ ការកើនឡើងនៃករណីជំងឺកូវីដ-១៩ នៅរដូវក្តៅនេះនៅចក្រភពអង់គ្លេស ហើយមនុស្សជាច្រើន នៅតែឆ្លងមេរោគនេះ បើទោះជាបានចាក់វ៉ាក់សាំងការ ពារពេញលេញរួចក៏ដោយ។

ទិន្នន័យចុងក្រោយបានកើតឡើង ខណៈដែលតួលេខចុងក្រោយបង្ហាញថា ការឆ្លងបានកើនឡើងខ្ពស់នៅក្នុងសប្តាហ៍ ដែលឈានដល់ថ្ងៃទី ២០ ខែសីហា ជាងសប្តាហ៍ដែលត្រូវគ្នានៃរលកទីពីរ ដោយករណីឆ្លងនៅតែបន្ដ កើនឡើងជាលំដាប់។

យោងតាមការប៉ាន់ប្រមាណ ចុងក្រោយពីការិយាល័យស្ថិតិជាតិ (ONS) បានឱ្យដឹងថា មនុស្សម្នាក់ក្នុងចំណោម ៧០ នាក់នៅក្នុងគ្រួសារឯកជន នៅប្រទេសអង់គ្លេសមានជំងឺកូវីដ -១៩ នៅសប្តាហ៍នេះ ដល់ថ្ងៃទី២០ ខែសីហា៕

ដោយ ឈូក បូរ៉ា

To Top