កាប៊ុល ៖ សេរីភាពសារព័ត៌មាន នៅអាហ្វហ្គានីស្ថាន កំពុងស្ថិតក្រោមការ គំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ពីពួកតាលីបង់ ខណៈអ្នកយកព័ត៌មាន ត្រូវបានវាយដំ ដោយពួកសកម្ម ប្រយុទ្ធរដ្ឋឥស្លាម បើទោះជាពួកគេសន្យា ការពារសេរីភាព សារព័ត៌មានក៏ដោយ។
អ្នកសារព័ត៌មាន និងសកម្មជនក្នុងតំបន់ប្រមាណ ២០ នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុងកាប៊ុល កាលពីថ្ងៃសុក្រ និងអំពាវនាវឱ្យ សហគមន៍អន្តរជាតិ ធានាសុវត្ថិភាពរបស់ពួកគេ ក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ដែលបានគ្រប់គ្រង អាហ្វហ្គានីស្ថានឡើងវិញនៅថ្ងៃទី១៥ ខែសីហា។
អ្នកកាសែត ដែលមានមូលដ្ឋាន នៅទីក្រុងកាប៊ុលម្នាក់ ដែលបានចូលរួមការ ជួបជុំនោះបានលើកឡើងថា“ អ្នកសារព័ត៌មាន មុនពេលកាន់កាប់ របស់ក្រុម តាលីបង់ មាន សន្តិភាពប៉ុន្តែបងប្អូនប្រុស ស្រីរបស់យើងជាច្រើន នាក់ នៅក្នុងអាជីពនេះ ត្រូវបានគំរាមកំហែង ហើយមនុស្សជាច្រើនខ្លាចថា ពួកគេអាចប្រឈម មុខនឹង ការគំរាមកំហែងធ្ងន់ធ្ងរ ពីរដ្ឋឥស្លាមអេមីរ៉ាត” ។
អ្នកកាសែតវ័យ ២៩ ឆ្នាំរូបនេះបានលើកឡើងថា អ្នកយកព័ត៌មាន ត្រូវបានទាហានតាលីបង់ វាយដំដោយគ្មាន មូលហេតុ ដោយបន្ថែមថា“ យើងចង់បានការធានា សន្តិសុខ របស់យើងពីអេមីរ៉ាត អារ៉ាប់បច្ចុប្បន្ន” ។
ចាប់តាំងពី ក្រុម តាលីបង់ បានគ្រប់គ្រងប្រទេស អ្នកសារព័ត៌មាន ជាច្រើន បានចាកចេញ ពីប្រទេស អាហ្វហ្គានីស្ថាន ចំពេលមានការភ័យខ្លាច ពីការបង្ក្រាបទៅលើអ្នក សារព័ត៌មាន ខណៈដែលក្រុមតាលីបង់ បានរឹតត្បិត សេរីភាពសារ ព័ត៌មានយ៉ាងខ្លាំង នៅពេលចុងក្រោយ ដែលពួកគេកាន់ អំណាចពីឆ្នាំ១៩៩៦ ដល់ ២០០១ ។
ក្រុមតាលីបង់ បានឲ្យដឹងថា ពួកគេនឹងទទួលស្គាល់ សេរីភាពសារព័ត៌មាន។ ប៉ុន្តែក្រុមយុទ្ធជនតាលីបង់ ដែលបានតាមប្រមាញ់ អ្នកកាសែតមកពីទូរទស្សន៍សាធារណៈអាល្លឺម៉ង់ Deutsche Welle បានបាញ់សម្លាប់សមាជិកគ្រួសារអ្នកកាសែតម្នាក់ ព្រមទាំងបង្ករបួសធ្ងន់ម្នាក់ទៀត។
កាលពីថ្ងៃព្រហស្បតិ៍ ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក ToloNews បានរាយការណ៍ថា អ្នកយកព័ត៌មានម្នាក់ និងអ្នកថតរូបរបស់ លោកម្នាក់ទៀត ត្រូវបានក្រុមតាលីបង់ វាយដំ នៅទីក្រុងកាប៊ុល ខណៈពួកគេកំពុង រាយការណ៍អំពីមនុស្សគ្មាន ការងារធ្វើ និងកម្មករនៅក្នុងរដ្ឋធានី ។
លោក Ziar Yaad អ្នកយកព័ត៌មាន បានលើក ឡើងថា អ្នកប្រយុទ្ធតាលីបង់ បានមកហើយយក ទូរស័ព្ទដៃរបស់លោក និង កាមេរ៉ារបស់អ្នកថតរូប ថែមទាំងវាយ ដំថែមទៀត នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
យ៉ាយ៉ាត្រូវបានដកស្រង់សម្តី ដែលឲ្យដឹងនៅ ក្នុងរបាយការណ៍នេះថា“ យើងបានបង្ហាញ ផ្លាកសញ្ញា អ្នកយកព័ត៌មានរបស់យើង ប៉ុន្តែពួកគេបានមកទះកំផ្លៀងយើង ហើយវាយយើង ដោយកាំភ្លើងរបស់ពួកគេ” ។អ្នកកាសែតជាច្រើន ដែលព្រួយបារម្ភអំពី សន្តិសុខរបស់ពួកគេ បានចាកចេញពីអាហ្វហ្គានីស្ថាន រួចហើយ។
យោងតាមអង្គការអ្នកយកព័ត៌មានគ្មាន ព្រំដែនដែលជាក្រុមឃ្លាំ មើលប្រព័ន្ធផ្សព្វផ្សាយ អន្ដរជាតិ ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុក ឯកជនប្រមាណ ១០០ កន្លែងនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន បានផ្អាកប្រតិបត្តិការ ចាប់តាំងពីក្រុមតាលីបង់ ចូលកាន់កាប់ប្រទេស ៕
ដោយ ឈូក បូរ៉ា