បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃចន្ទ នេះបានឲ្យដឹងថា ប្រធានាធិបតី នៃរដ្ឋប៉ាឡេស្ទីន លោក Mahmoud Abbas និងរដ្ឋមន្ត្រីក្រសួង ការពារជាតិ នៃប្រទេស អ៊ីស្រាអ៊ែល Benny Gantz បានបើកជំនួបគ្នា កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ នៅក្នុងទីក្រុង Ramallah នៅតំបន់ West Bank ។
សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយមន្ត្រីជាន់ខ្ពស់របស់ប៉ាឡេស្ទីន បានបញ្ជាក់ទៀតថា ភាគីទាំងពីរ គឺបានជួបពិភាក្សាគ្នា ទៅលើ ប្រធានបទនិងបញ្ហា ទាំងអស់ ដែលមាននៅ ចំពោះមុខ នៃទំនាក់ទំនង រវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ។
កិច្ចប្រជុំគ្នានេះត្រូវ បានគេមើលឃើញដែរថា គឺកិច្ចប្រជុំកម្រិតថ្នាក់ ដឹកនាំជាន់ខ្ពស់ មិនធ្លាប់មានតាំងតែ ឆ្នាំ២០១៤ គឺជាពេលវេលា ដែលកិច្ចពិភាក្សាចុងក្រោយ ដើម្បីសន្តិភាព អ៊ីស្រាអ៊ែលប៉ាឡេស្ទីន ត្រូវបានបញ្ឈប់ទៅ ។
ដោយឡែកនៅ ក្នុងសារព័ត៌មាន ក្នុងស្រុករបស់អ៊ីស្រាអ៊ែល បានចេញផ្សាយថា លោក Gantz ក៏បានពិភាក្សាជា មួយនឹងលោក Abbas ផងដែរថាអ៊ីស្រាអ៊ែល និង ប៉ាឡេស្ទីននឹងមានផែនការ ក្នុងការដំណើរការចំណង ទំនាក់ទំនងពាណិជ្ជកម្មឡើងវិញ ដើម្បីជម្រុញសេដ្ឋកិច្ច ទាំងសងខាងផងដែរ៕
ប្រែសម្រួល៖ស៊ុនលី