ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យារបស់ប្រទេសកម្ពុជាបានឲ្យដឹងថា ប្រទេសចិនបានចេញបទបញ្ជាថ្មី កំណត់មិនឲ្យក្មេងៗក្រោមអាយុ ១៨ឆ្នាំ លេងហ្គេមអនឡាញលើសពី ៣ម៉ោងក្នុងមួយសប្តាហ៍ ហើយពួកគេអាចលេងហ្គេម បានតែនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ ចាប់ពីម៉ោង ៨យប់ដល់ម៉ោង ៩យប់តែប៉ុណ្ណោះ ។ នេះបើតាមការផ្សព្វផ្សាយ របស់សារព័ត៌មាន Bloomberg។
ការកំណត់ថ្មីនេះគឺមានភាពតឹងរឹង ជាងការកំណត់កាលពីឆ្នាំ២០១៩ ដែលអនុញ្ញាតឲ្យក្មេងជំទង់ លេងហ្គេមអនឡាញ ៩០នាទីក្នុងមួយថ្ងៃ។ អាជ្ញាធរបានប្រកាសថា បទបញ្ជាថ្មីនេះ ដើម្បីការពារ សុខមាលភាពរបស់កុមារទាំងផ្លូវកាយ និងផ្លូវចិត្តពីភាពប៉ះពាល់ដោយសារតែ ការលេងហ្គេមអនឡាញច្រើនហួសហេតុ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៦ កន្លងទៅ ប្រទេសចិនបានចេញច្បាប់ តម្រូវឲ្យអ្នកអភិវឌ្ឍន៍កម្មវិធីហ្គេមទាំងអស់ ចុះឈ្មោះជាផ្លូវការជាមួយនឹងរដ្ឋាភិបាល ហើយក្នុងឆ្នាំ ២០២០ ចិនក៏បានទាមទារឲ្យក្រុមហ៊ុន Apple លុបចោលហ្គេមអនឡាញណា ដែលមិនមានការអនុញ្ញាតពីរដ្ឋាភិបាល ៕