បរទេស៖ ឯកអគ្គរដ្ឋទូត អ៊ីរ៉ង់ ប្រចាំនៅទីក្រុងបាដាត ត្រូវបានដកស្រង់សម្តី ដែលនិយាយនៅថ្ងៃអង្គារនេះថា ប្រទេសអ៊ីរ៉ង់ គ្រោងនឹងប្រារព្ធ ធ្វើកិច្ចពិភាក្សាជុំទី៤ ជាមួយសត្រូវក្នុងតំបន់ របស់ខ្លួន គឺប្រទេស អារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេសអ៊ីរ៉ាក់ ក្រោយរដ្ឋាភិបាលអ៊ីរ៉ង់ ថ្មីត្រូវបានបង្កើតឡើង។
ប្រទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដែលដឹកនាំអំណាច មូស្លីមនិកាយស៊ីអ៊ីត និងនិកាយស៊ុននី នៅក្នុងតំបន់មជ្ឈិមបូព៌ា បានក្លាយជាសត្រូវនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងគាំទ្រសម្ពន្ធមិត្ត រៀងខ្លួនប្រយុទ្ធក្នុងសង្គ្រាម នៅយេម៉ែន ស៊ីរី និងទីដទៃទៀត ហើយប្រទេសទាំងពីរ បានផ្តាច់ចំណង ការទូតនៅក្នុងឆ្នាំ២០១៦។
ប្រទេសអ៊ីរ៉ង់បានធ្វើការបញ្ជាក់ជា សាធារណៈជាលើកដំបូង នៅក្នុងខែឧសភាថា ខ្លួនកំពុងតែស្ថិតក្នុងកិច្ចពិភាក្សាគ្នា ជាមួយអារ៉ាប៊ីសាអូឌីត ដោយនិយាយថា ខ្លួននឹងធ្វើអ្វីដែលខ្លួនអាច ដើម្បីដោះស្រាយបញ្ហានានា រវាងប្រទេសទាំងពីរ ហើយចាប់តាំងពីពេលនោះមក អ៊ីរ៉ង់បានបោះឆ្នោតជ្រើសប្រធានាធិបតីថ្មី គឺលោក Ebrahim Raisi ដែលបានស្បថចូលកាន់តំណែងកាលពីថ្ងៃទី០៥ខែសីហា។
គួរបញ្ជាក់ថា ការប្រកាសពីគម្រោង សម្រាប់កិច្ចពិភាក្សាគ្នាជាថ្មីនេះ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន ISNA នេះ គឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីការបង្កើត រដ្ឋាភិបាលអ៊ីរ៉ង់ថ្មី នេះបើតាមសម្តី របស់លោកឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅទីក្រុងបាដាត៕
ប្រែសម្រួល៖ប៉ាង កុង