ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិងអាមេរិក នឹងប្រារព្ធធ្វើកិច្ចពិភាក្សា ស្តីពីស្ថិរភាពយុទ្ធសាស្ត្រ នុយក្លេអ៊ែ នៅខែក្រោយ

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយប្រាប់ នៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី នឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ជុំថ្មីមួយ ជាមួយសហរដ្ឋអាមេរិក ស្តីពីស្ថិរភាពយុទ្ធសាស្ត្រ នៃអាវុធនុយក្លេអ៊ែ នៅក្នុងខែក្រោយនេះ។

យោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា កាសែតរុស្ស៊ី Interfax បានដកស្រង់សម្តីលោក Sergei Lavrov ថា ភាគីទាំងពីរ អាចនឹងឈានដល់ ការសម្រេចកិច្ចព្រមព្រៀងខ្លះៗ នៅក្នុងកិច្ចពិភាក្សានៅអនាគតនោះ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំមួយ ជាមួយតំណាង សមាគមជាតិនិងវប្បធម៌ នៅថ្ងៃអង្គារនេះ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានមានប្រសាសន៍ថា ទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន នៅមិនទាន់រកឃើញ ចំណាត់ការរួម ចំពោះអាវុធយុទ្ធសាស្ត្រនៅឡើយនោះទេ ប៉ុន្តែភាគីទាំងពីរ មានចំណាប់អារម្មណ៍ ចំពោះរឿងនោះ។

លោកបានមានប្រសាសន៍ យ៉ាងដូច្នេះថា “រហូតមកទល់ពេលនេះ យើងនៅតែបរាជ័យក្នុងការស្វែងរកចំណាត់ការរួមគ្នា ហេតុផលរបស់យើងគឺសាមញ្ញធម្មតាណាស់ថា ព្រោះយើងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ស្តីពីភាពមិនអាចទទួលយកបាននៃសង្គ្រាមនុយក្លេអ៊ែនិងសង្គ្រាមលោក ហើយនោះជាអ្វីដែលលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន និងលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសក្នុងឯកសាររួមគ្នាមួយ និងឈ្មោះនៃល្បែង គឺអាវុធយុទ្ធសាស្ត្រ”។ “យើងស្នើថា អាវុធយុទ្ធសាស្ត្រទាំងអស់ ទំាងអាវុធនុយក្លេអ៊ែ និងអាវុធធម្មតា ទាំងសម្រាប់វាយប្រហារ និងសម្រាប់ការពារ គួរតែជាប្រធាន បទនៃកិច្ចព្រមព្រៀងគ្នា មួយជាមួយអាមេរិក ហើយប្រហែលជាពួកវានឹង ជាសន្ធិសញ្ញាជាច្រើន”៕

ប្រែសម្រួល៖ប៉ាង កុង

To Top