បរទេស៖ នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីសុខាភិបាល តៃវ៉ាន់ បានមានប្រសាសន៍ថា ថ្នាំវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន BioNTech ប្រហែល៩សែនដូស ត្រូវបានគេរំពឹងថា នឹងបញ្ជូនមកដល់ តៃវ៉ាន់ នាពេលឆាប់ៗនេះ។
នៅពេលត្រូវគេចោទសួរថា ថ្នាំវ៉ាក់សាំងកូវីដ១៩ BioNTech SE ដំបូង នឹងមកដល់នៅថ្ងៃពុធសប្ដាហ៍នេះ ដែរឬទេនោះ លោករដ្ឋមន្ត្រីសុខាភិបាល តៃវ៉ាន់ Chen Shih-chung បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានថា លោកមិនផ្តល់តារាង ពេលវេលាពិតប្រាកដនោះទេ ប៉ុន្តែពេលវេលា ដែលគេលើកឡើង គឺជិតមកដល់ខ្លាំងណាស់។
ចំណែកក្រុមហ៊ុន BioNTech ដែលសហការ ផលិតថ្នាំវ៉ាក់សាំង ជាមួយនឹងក្រុមហ៊ុន Pfizer Inc នោះ បានបដិសេធមិនផ្តល់យោបល់ណាមួយ ស្តីពីរឿងនេះនោះទេ។
លោករដ្ឋមន្ត្រីសុខាភិបាល តៃវ៉ាន់ រូបនេះ បានធ្វើការបញ្ជាក់ថា ការមកដល់នៃថ្នាំវ៉ាក់សាំងនេះ មានន័យខ្លាំងណាស់សម្រាប់តៃវ៉ាន់ ហើយលោកនឹងពិត ជាទៅព្រលានយន្តហោះ ដើម្បីទទួលវា។
គួរបញ្ជាក់ថា កោះតៃវ៉ាន់ កំពុងតែទទួលបានការចាក់ថ្នាំវ៉ាក់សាំង បានលឿនជាងការរំពឹងទុក ស្របពេលដែលការអនុម័ត ផ្លូវច្បាប់លើថ្នាំ សម្រាប់ប្រើប្រាស់ នៅចិនដីគោក បានធ្វើឲ្យមានអតិរេកភាព សម្រាប់កោះកាន់លទ្ធិប្រជាធិបតេយ្យ មួយនេះ៕
ប្រែសម្រួល៖ប៉ាង កុង