ព័ត៌មានអន្តរជាតិ

ចិន ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោកលឿន ផ្តើមចេញពីសិល្បៈដឹកនាំ របស់លោក តេង ស៊ាវពីង (Video)

ភ្នំពេញ ៖ លោក តាន់ វុទ្ធា ទីប្រឹក្សាសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកអត្ថបទមួយនិយាយពីចិន ក្លាយជាមហាអំណាច សេដ្ឋកិច្ចពិភពលោក ។

លោកបានដាក់ជាសំណួរថា ហេតុអ្វីបានជាចិនក្លាយជា មហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកលឿនម្លេះ? លោកថា ចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក គឺផ្តើមចេញពីសិល្បៈដឹកនាំរបស់លោក តេង ស៊ាវពីង លើកំណែទម្រង់ពី«សេដ្ឋកិច្ចផែនការ» របស់ចិនទៅជា «សេដ្ឋកិច្ចទីផ្សារបែបសង្គមនិយម»។

លោក តេង ស៊ាវពីង ជាមេដឹកនាំប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយ សុទិដ្ឋិនិយម ក្លាហាន ឈ្លាសវៃ និងហ៊ានទទួលខុសត្រូវ។ អ្វីដែលគេមិនអាចបំភ្លេចគឺ លោកតេង ស៊ាវពីង បានបន្សល់ទុកនូវសិល្បៈដឹកនាំ និងគតិបណ្ឌិតជាច្រើន ដែលមានលក្ខណៈពិសេស និងបាននាំមកនូវ ជោគជ័យលើកំណែទម្រង់ “សេដ្ឋកិច្ចទីផ្សារបែបសង្គមនិយម”។

ជនជាតិចិនបានប្រសិទ្ធនាមលោកថាជា “អគ្គស្ថាបត្យករ” នៃដំណើរការកែទម្រង់ បើកទ្វារទំនើបកម្ម និងធ្វើទំនើបកម្មគ្រប់វិស័យ។ ក្រៅពីសេដ្ឋកិច្ច, សិល្បៈដឹកនាំរបស់លោក តេង ស៊ាវពីង បានគ្របដណ្តប់លើវិស័យផ្សេងទៀត ដូចជា នយោបាយ យោធា និងការបរទេស ។

តាមរយៈនយោបាយសេដ្ឋកិច្ច ទីផ្សារបែបសង្គមនិយមនេះ, លោកបានបង្កើតនូវពាក្យស្លោក ដ៏ល្បាញល្បីជាច្រើនដូចជា៖

  • «ឆ្មាស ឬឆ្មាខ្មៅ មិនសំខាន់ទេ ឲ្យតែវាចាប់កណ្ដុរបាន»
  • «ភាពមានបានជាកិត្តិយស ដូចនេះយើងត្រូវអនុញ្ញាតឲ្យ មនុស្សមួយចំនួនក្លាយ ទៅជាអ្នកមានជាមុនសិន ឬភាពក្រីក្រមិនមែនជាសង្គមនិយមទេ»
  • «កុំគិតថាសេដ្ឋកិច្ចផែនការជាសង្គមនិយម ហើយសេដ្ឋកិច្ចទីផ្សារជាមូលធននិយម។ ផែនការ ឬទីផ្សារគ្រាន់តែជាវិធានការប៉ុណ្ណោះ។ សេដ្ឋកិច្ចផែនការ ឬសេដ្ឋកិច្ចទីផ្សារ មិនសំខាន់ទេ ឲ្យតែមានការអភិវឌ្ឍ» នៅឆ្នាំ១៩៧៨, ប្រទេសចិនបានបើកចំហរទ្វារ ប្រទេសទៅកាន់ ពិភពលោក ហើយធ្វើកំណែទម្រង់ស៊ីជំរៅសេដ្ឋកិច្ច ដោយបង្កើតឲ្យមានរបបកម្មសិទ្ធិឯកជន និងសហគ្រាសឯកជន ហើយការដោះដូរទំនិញត្រូវធ្វើទៅ តាមក្រឹត្យក្រមទីផ្សារសេរី។

ក្នុងវិស័យអប់រំវិញ, សាលារៀន និងសាកលវិទ្យាល័យ ទូទាំងប្រទេសបានចាប់ផ្តើម ទ្វារទទួលសិស្ស-និស្សិត ហើយបានពង្រីកកម្មវិធីបច្ចេកទេស ។ និស្សិតចិនរាប់ម៉ឺននាក់ត្រូវបាន បញ្ជូនទៅសិក្សានៅបរទេស។

ការអនុញាត្តឲ្យមានសហគ្រាសជន, ការបង្កើតតំបន់សេដ្ឋកិច្ច ពិសេសមានអត្រាពន្ធទាប, ធនធានមនុស្សប្រកបដោយគុណភាព និងសំបូរបែប បានលើកទឹកចិត្តក្រុមហ៊ុនបរទេសធំៗ សម្រុកចូលមកវិនិយោគ នៅប្រទេសចិន ហើយសេដ្ឋកិច្ចចិនក៏ចាប់ផ្តើម មានកំណើនលឿនបំផុតមិនធ្លាប់មាន។ គឺមូលដ្ឋានទាំងនេះហើយ ដែលបានជំរុញប្រទេសចិនក្លាយជា មហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក នាពេលបច្ចុប្បន្ន។

លោក តេង ស៊ាវពីង បាននាំប្រជាជនចិនដ៏ច្រើន មហិមាចេញផុតពីភាពអត់ឃ្លាន និងភាពក្រីក្រ ហើយបាននឹងកំពុងស្គាល់ សម័យកាលអភិវឌ្ឍន៍ដ៏ត្រចះត្រចង់។ ត្រឹមតែជាងមួយទសវត្សរ៍ប៉ុណ្ណោះ ពោលគឺពីឆ្នាំ១៩៧៨ ដល់ដើមទសវត្សរ៍ទី៩០ ចិនបានបណ្តែតខ្លួនជា មហាអំណាចតំបន់ស្ទើរតែផ្តាច់មុខ ទាំងនយោបាយ យោធា និងសេដ្ឋកិច្ច និងក្លាយជាមហាអំណាចពិភពលោក ដែលមានទឹកមាត់ប្រៃ លើឆាកអន្តរជាតិទៀត ។

សូមបញ្ជាក់ថា លោក តេង ស៊ាវពីង ត្រូវបានជាប់ងារជាបិតា កំណែទម្រង់សេដ្ឋកិច្ចចិន ។ លោកកើតនៅឆ្នាំ១៩០៤ នៅក្នុងត្រកូលអ្នកមានមធ្យមមួយ នៅស្រុកគ័ងអាន ខេត្តស៊ីឈ័ន ៕

To Top
×