បរទេស៖ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel បាននិយាយនៅថ្ងៃពុធនេះថា សហភាពអឺរ៉ុប ត្រូវតែចាត់វិធានការដើម្បីត្រៀមខ្លួនឲ្យកាន់តែល្អឡើង សម្រាប់ប្រតិបត្តិការយោធាជម្លៀសពលរដ្ឋរបស់ខ្លួន ក្នុងស្ថានភាពនានា ដូចជាដែលបានកើតឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។
លោក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់វេទិកាយុទ្ធសាស្ត្រ នៅប្រទេសស្លូវេនីដូច្នេះថា “តាមទស្សនៈរបស់ខ្ញុំ យើងមិនត្រូវការព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយបែបនេះមួយផ្សេងទៀត ដើម្បីយល់ថា សហភាពអឺរ៉ុបត្រូវតែប្រឹងប្រែង សម្រាប់ស្វយភាពបង្កើតការសម្រេចចិត្ត និងសមត្ថភាពកាន់តែធំ សម្រាប់ចំណាត់ការនៅក្នុងពិភពលោកនោះទេ”។
បណ្ដាប្រទេសលោកខាងលិច ដែលប្រឹងប្រែងប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋខ្លួន ចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្រោយពួកតាលីបង់ក្តោបក្តាប់អំណាចនោះ បានពឹងផ្អែកលើយោធាសហរដ្ឋអាមេរិក ដើម្បីរក្សាឲ្យព្រលានយន្តហោះ នៅតែដំណើរការ នៅក្នុងអំឡុងដឹកបញ្ជូនតាមផ្លូវអាកាស។
គួរបញ្ជាក់ថា កងទ័ពចុងក្រោយរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃចន្ទ ដោយទុកប្រទេសនេះឲ្យពួកតាលីបង់កាន់កាប់ ហើយក្នុងពេលបច្ចុប្បន្ននេះ ពួកតាលីបង់ ត្រូវតែគ្រប់គ្រងលើសេដ្ឋកិច្ចគ្មានស្ថិរភាព និងវិបត្តិមនុស្សជាតិដែលកំពុងកើនឡើង៕ប្រែសម្រួល៖ប៉ាង កុង