ព័ត៌មានអន្តរជាតិ

ចិនចាត់ទុក របាយការណ៍ ស៊ើបការណ៍អាមេរិកជានយោបាយ ទម្លាក់កំហុស

ភ្នំពេញ៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួង ការបរទេសចិន នាថ្ងៃទី៣១ ខែសីហា បាននិយាយឆ្លើយតបទៅនឹង ការរិះគន់ជាច្រើន ចំពោះរបាយការណ៍ ស្វែងរកប្រភពដើមជំងឺ វីរុសកូវីដ-១៩ ដែលចេញដោយស្ថាប័ន ស៊ើបការណ៍អាមេរិក។ នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា។

លោកមានប្រសាសន៍ថា របាយការណ៍ដែលធ្វើឡើង ដោយស្ថាប័នស៊ើបការណ៍អាមេរិក គឺជារបាយការណ៍នយោបាយ គឺជារបាយការណ៍ ទម្លាក់កំហុសគេឯង គឺជារបាយការណ៍ ក្លែងក្លាយផ្ដេសផ្ដាស។ អ្នកមានការយល់ដឹងខ្ពស់ ក្នុងសហគមន៍អន្តរជាតិ សុទ្ធតែបានឃើញយ៉ាងច្បាស់។

លោកបានបន្តទៀតថា លោក Bruno Rodriguez រដ្ឋមន្រ្តីការបរទេសគុយបាបានបង្ហាញក្នុង Twitter របស់លោកថា សហរដ្ឋអាមេរិក មានបំណងយកកិច្ចការស្វែង រកប្រភពដើមជំងឺវីរុស ទម្លាក់មកលើចិន ថាគ្មានទំនួលខុសត្រូវ និងមិនអាចទទួលយកបាន រដ្ឋាភិបាលអាមេរិក ប្រើប្រាស់ពាក្យសម្តីកុហក រិះរកមធ្យោបាយ សម្រេចនូវគោលដៅ នយោបាយរបស់ពួកគេ។

រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានចេញសេចក្តីថ្លែងការណ៍ ដោយបង្ហាញថា មធ្យោបាយសហរដ្ឋអាមេរិក ដែលយកបញ្ហាស្វែងរក ប្រភពដើមជំងឺវីរុស ធ្វើនយោបាយូនីយកម្ម មានលក្ខណៈហានិភ័យខ្លាំង និងអំពាវនាវឱ្យ សហគមន៍អន្តរជាតិ ថ្កោលទោសលើទង្វើមួយនេះ។

លោក Vladimir Petrovsky ប្រធានអ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងព្យាករណ៍ទំនាក់ទំនង ចិន-រុស្ស៊ី នៃវិទ្យាស្ថានស្រាវជ្រាវ ចុងបូព៌ាបណ្ឌិត្យសភារុស្ស៊ី មានប្រសាសន៍ថា ការចោទប្រកាន់របស់អាមេរិក ទៅលើចិនដោយគ្មានភស្ដុតាង ច្បាស់លាស់ និងយកបញ្ហាស្វែងរកប្រភពដើម ជំងឺវីរុស ធ្វើនយោបាយូនីយកម្ម គឺជាទង្វើដែលមិនអាចទទួលយកបានឡើយ គោលបំណងរបស់ពួកគេ គឺព្យាយាមបង្វិលទំនួលខុសត្រូវ របស់ខ្លួនមកទម្លាក់លើចិន។

មន្រ្តីឬបញ្ញវន្តជាច្រើន ដែលមកពីប្រទេសដូចជា ប៉ាគីស្ថាន កម្ពុជា អេហ្ស៊ីប ប្រេស៊ីល ស៊ីរី ជាដើមបានសរសេរអត្ថបទ រិះគន់លើរបាយការណ៍ ស្វែងរកប្រភពដើម ជំងឺវីរុសរបស់ស្ថាប័ន ស៊ើបការណ៍អាមេរិកនិងរិះគន់ ការលើកឡើង “បែកធ្លាយចេញ ពីមន្ទីរពិសោធន៍” ដោយបានបង្ហាញថាដំណើរនយោបាយមិនអាចជំនួសភស្តុតាងវិទ្យាសាស្ត្របានទេ ចំពោះការទម្លាក់កំហុស គេឯង វិញអាមេរិករឹតគួរតែយកចិត្តទុកដាក់ បន្ថែមទៀត ចំពោះការប្រយុទ្ធប្រឆាំងជំងឺវីរុស នៅក្នុងប្រទេសខ្លួន និងចូលរួមរក្សាកិច្ចសហប្រតិបត្តិការ អន្តរជាតិដោយសកម្ម។

លោក Wang Wenbin បានសង្កត់ធ្ងន់ថា ប្រទេសចិនតែងយល់ថា កិច្ចការស្វែងរកប្រភពដើម ជំងឺវីរុសកូវីដ-១៩ ជាបញ្ហាវិទ្យាសាស្ត្រដ៏ស្មុគស្មាញ គួរតែត្រូវបានស្រាវជ្រាវ ដោយអ្នកវិទ្យាសាស្ត្រ នៅលើពិភពលោក។ នៅដើមឆ្នាំ២០២១នេះ ក្រុមអ្នកជំនាញដែលបង្កើតឡើង ដោយអង្គការសុខភាព ពិភពលោកនិងអ្នកជំនាញចិន បានធ្វើការសិក្សាស្រាវជ្រាវ ក្នុងប្រទេសចិន ចំនួន២៨ថ្ងៃ បានចេញរបាយការណ៍ ស្រាវជ្រាវរួមរវាងចិននិង WHO ស្តីអំពីការងារស្វែង រកប្រភពដើមជំងឺវីរុសកូវីដ និងបានសន្និដ្ឋានប្រកបដោយលក្ខណៈច្បាស់លាស់ ជំនាញ និងវិទ្យាសាស្ត្រ បង្កើតបានជាមូលដ្ឋានគ្រឹះ ដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការ លើកិច្ចការមួយនេះ សម្រាប់សកលលោក គួរត្រូវបានការគោរព និងអនុវត្តពីបណ្ដាភាគីរួមទាំងអង្គការសុខភាព ពិភពលោកផងដែរ។

នាថ្ងៃខាងមុខ ការងារស្វែងរកប្រភពដើម ជំងឺវីរុស គួរត្រូវបានអនុវត្តដោយផ្អែកលើ របាយការណ៍នេះ ជាមូលដ្ឋានគ្រិះ មិនមែនរៀបចំសាជាថ្មីនោះទេ។
ការងារស្វែងរកប្រភពដើម ជំងឺវីរុសប្រកបដោយ លក្ខណៈនយោបាយ របស់អាមេរិក គ្រាន់តែអាចបំពុល ដល់កិច្ចសហប្រតិបត្តិការស្វែងរក ប្រភពដើមជំងឺវីរុស លើឆាកអន្តរជាតិនិងប៉ះពាល់ ដល់សាមគ្គីភាព លើពិភពលោក ក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុស និងត្រូវបានកំណត់ថា គ្មានផ្លូវចេញឡើយ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top