ព័ត៌មានអន្តរជាតិ

លោក ពូទីន៖ ការធ្វើសង្គ្រាម នៅអាហ្វហ្គានីស្ថាន របស់អាមេរិក មិនទទួលបានអ្វីសោះឡើយ ក្រៅពីសោកនាដកម្ម

បរទេស៖ ប្រធានាធិបតី នៃប្រទេសរុស្ស៊ី លោក វា្លឌីមៀរ ពូទីន បានមានប្រសាសន៍ថា កិច្ចអន្តរាគមន៍យោធាអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មិនបានសម្រេចអ្វីទាល់តែសោះ ក្រៅពីសោកនាដកម្ម និងការបាត់បង់ជីវិតមនុស្ស ពីគ្រប់ភាគីទាំងអស់ ហើយលោកបានបង្ហាញថា វាមិនអាចទៅរួចនោះទេ ដើម្បីដាក់គុណតម្លៃបរទេស ទៅលើប្រទេសជាតិដទៃ។

លោក ពូទីន តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា “កងកម្លាំងសហរដ្ឋអាមេរិក មានវត្តមាននៅលើទឹកដីនេះ អស់រយៈពេល២០ឆ្នាំ ហើយសម្រាប់រយៈពេល២០ដែលព្យាយាម ដើម្បីផ្តល់អរិយធម៌ដល់មនុស្សរស់នៅទីនោះ បង្កើតនូវបទដ្ឋាននិងស្តង់ដាររស់នៅរបស់ខ្លួនផ្ទាល់ ក្នុងអត្ថន័យអាចទៅរួចនៃពាក្យនេះ រួមទាំងនៅពេលដែលវានិយាយដល់អង្គការនយោបាយរបស់សង្គម”។

លោកបានបន្ថែមថា លទ្ធផល គឺត្រឹមតែជាសោកនាដកម្មនិងការបាត់បង់ជីវិត សម្រាប់អ្នកទាំងឡាយដែលបានធ្វើវា សហរដ្ឋអាមេរិក និងថែមទាំងសម្រាប់មនុស្សទាំងឡាយ ដែលរស់នៅលើទឹកដីនៃប្រទេសអាហ្វហ្គានីស្ថានប៉ុណ្ណោះ មានន័យថា លទ្ធផលគឺសូន្យទទេ។

គួរបញ្ជាក់ថា នៅក្នុងពេលទន្ទឹងគ្នានេះដែរ រដ្ឋាភិបាលអង់គ្លេស កំពុងតែពិភាក្សាគ្នាជាមួយពួកតាលីបង់ ឲ្យរក្សាសុវត្ថិភាពការធ្វើដំណើរ សម្រាប់ជនជាតិអង់គ្លេសនិងជនជាតិអាហ្វហ្គានីស្ថានត្រូវជម្លៀសស្របច្បាប់ ដែលនៅសេសសល់ និងបានចាប់ផ្តើមកម្មវិធី ស្វាគមន៍ដ៏កក់ក្តៅ សម្រាប់ជនភៀសខ្លួនមកពីអាហ្វហ្គានីស្ថាន៕

ប្រែសម្រួល៖ប៉ាង កុង

To Top