ភ្នំពេញ៖ គន្លងដែលលោក សុខ ទូចលើកឡើងនោះគឺ លោកបង្ហាញពីរូបភាពមួយសន្លឹក របស់ប្រទេសមួយក្នុងពិភពលោក ស្តីពីពលរដ្ឋជាច្រើននាក់ នាំគ្នាមកស្ទូចត្រី នៅតាមអាងមួយធ្វើពីបេតុងរាងវែង ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានថ្លែងក្នុងបណ្តាញសង្គម ហ្វេសប៊ុកយ៉ាងខ្លីនាព្រឹកថ្ងៃ៣ កញ្ញាថា “កម្ពុជាកុំដើរតាមគន្លងនេះ យើងមានស្ទឹង ព្រែក អូរ ត្រពាំង បឹង បួរ ច្រើនណាស់ ប៉ុន្តែបើកម្ពុជាភ្លេចខ្លួន ច្បាស់ណាស់នឹងដើរតាមគន្លងនេះ” ។
ការលើកឡើងរបស់លោក សុខ ទូច នេះ ក្នុងពេលរាជរដ្ឋាភិបាលកម្ពុជា បានទាត់ចោលនូវសំណើទិញដីបឹងដែលមាន ទំហំ១០០០ហិកតា នៅឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល របស់ក្រុមហ៊ុនសំណង់ «ឈ្នះ ឈ្នះ» តាមរយៈក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកណ្តាល ដើម្បីអភិវឌ្ឍន៍ជាទីក្រុងរណបបែបទំនើប និងហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗ ។
រាជរដ្ឋាភិបាល ក៏បានបញ្ជាក់ថា ចាំចាច់ត្រូវរក្សាទុកបឹង ដោយត្រូវរកវិធីជីកឲ្យ បានជ្រៅដើម្បីរក្សាទឹក ។
ជាមួយគ្នានេះ លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចក៏បានគាំទ្រ ចំពោះចំណាត់ការរបស់ រាជរដ្ឋាភិបាលផងដែរ។ លោកថា ការរក្សាទុកបឹង នៅល្វាឯមទំហំ ១០០០ហិកតានេះ គឺជាការសម្រេចចិត្ត ដ៏ប្រពៃរបស់ រាជរដ្ឋាភិបាលកម្ពុជា ៕