រ៉ាម៉ាឡា៖ នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនលោក Mohammed Ishtaye បានអំពាវនាវឱ្យរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បំពេញតាមការសន្យារបស់ខ្លួន ចំពោះអាជ្ញាធរប៉ាឡេស្ទីន រួមទាំងការបើកស្ថានកុងស៊ុលអាមេរិកឡើងវិញ នៅយេរ៉ូសាឡឹមខាងកើត។
លោក Ishtaye បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ យើងសូមអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ពន្លឿនការអនុវត្តនូវអ្វីដែលខ្លួនបានសន្យា ជាពិសេសបើកស្ថានកុងស៊ុលអាមេរិក នៅទីក្រុងយេរ៉ូសាឡឹមខាងកើត និងដកអង្គការរំដោះប៉ាឡេស្ទីន (PLO) ចេញពីបញ្ជីភេរវកម្ម” ។
យោងតាមសេចក្តីថ្លែងការណ៍លោក Ishtaye បានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំមួយជាមួយគណៈប្រតិភូគណបក្សប្រជាធិបតេយ្យអាមេរិកនៅទីក្រុងរ៉ាម៉ាឡា តំបន់វេសបែង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានជំរុញគណៈប្រតិភូឱ្យដាក់សម្ពាធបន្ថែមលើអ៊ីស្រាអែលដើម្បីអនុញ្ញាតឱ្យមានការបោះឆ្នោតសភា និងប្រធានាធិបតីនៅប៉ាឡេស្ទីន នៅយេរ៉ូសាឡឹមខាងកើត និងទឹកដីប៉ាឡេស្ទីនទាំងមូល ដោយគ្មានការរឹតត្បិត។
ទន្ទឹមនឹងនេះដែរយោងតាមសេចក្តីថ្លែងការណ៍លោក Ishtaye បានពន្យល់ដល់គណៈប្រតិភូអាមេរិកថា គោលការណ៍ដែលគាំទ្រដោយសហរដ្ឋអាមេរិក នៃដំណោះស្រាយរដ្ឋពីរ គឺស្ថិតក្នុងគ្រោះថ្នាក់ ដោយសារតែវិធានការអ៊ីស្រាអែល ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីនជាពិសេសការកសាង និងពង្រីកការតាំងទីលំនៅ។
គួរបញ្ជាក់ថា អ៊ីស្រាអែលដណ្តើមបានតំបន់វេសប៊ែង និងយេរ៉ូសាឡឹមខាងកើតក្នុងអំឡុងសង្គ្រាមមជ្ឈឹមបូព៌ា ឆ្នាំ១៩៦៧ ហើយបន្តកាន់កាប់វាទោះបីមានការរិះគន់ពីអន្តរជាតិក៏ដោយ៕
ដោយ ឈូក បូរ៉ា