ព័ត៌មានអន្តរជាតិ

ចិននិងរុស្ស៊ី ប្តេជ្ញាគាំទ្រទស្សនៈត្រឹមត្រូវ លើសង្គ្រាមលោកលើកទី២ និងថ្កោលទោស ចំពោះការបំភ្លៃការពិត

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន និងរុស្ស៊ី បានផ្ញើសាររៀងៗខ្លួន ទៅព្រឹត្តិការណ៍មួយ នៅថ្ងៃសុក្រ ដើម្បីរំលឹកខួបលើកទី៧៦ នៃជ័យជំនះនៃសង្គ្រាមប្រជាជនចិន ប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។

នៅក្នុងសារលិខិត របស់លោកទៅកាន់ ព្រឹត្តិការណ៍នៅឯសារមន្ទីរ បន្ទាយ Dongning ក្នុងទីក្រុង Mudanjiang ខេត្ត Heilongjiang ភាគឥសានប្រទេសចិន ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសលោក វ៉ាង យី បានលើកឡើងថា ចិននឹងឈរជាមួយសហគមន៍អន្តរជាតិ រួមទាំងរុស្ស៊ីផងដែរ ដើម្បីគាំទ្រទស្សនៈត្រឹមត្រូវ លើសង្គ្រាមលោកលើកទី ២ រក្សាសណ្តាប់ធ្នាប់អន្តរជាតិបច្ចុប្បន្ន និងអនុវត្តពហុនិយមនិយមពិតប្រាកដ។

លោកបានលើកឡើងថា ប្រមុខរដ្ឋទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្របសម្រួលចិន-រុស្ស៊ី ក្នុងការការពារការពិត នៃប្រវត្តិសាស្ត្រ។ ប្រជាជនចិន និងរុស្ស៊ី និងប្រជាជន ដែលស្រឡាញ់សន្តិភាព នៃពិភពលោកទាំងអស់ នឹងមិនអនុញ្ញាតឱ្យ មានអាកប្បកិរិយា វង្វេងវង្វាន់ ខុសឆ្គង កើតឡើងម្ដងទៀតឡើយ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានលើកឡើងថា ប្រទេសរុស្ស៊ី និងចិន បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអាកប្បកិរិយាបំភ្លៃការពិត និងលទ្ធផលប្រវត្តិសាស្ត្រនៃសង្គ្រាមលោកលើកទី២ ។

លោកបានបន្ដថា មិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ នឹងជំរុញការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស នៃទំនាក់ទំនងទ្វេភាគី និងការពារសន្តិភាព និងសន្តិសុខពិភពលោក។

គួរបញ្ជាក់ថា សមរភូមិដុងនីង គឺជាសមរភូមិចុងក្រោយ នៃសង្រ្គាមលោកលើកទី២ និងជាសាក្សីសំខាន់មួយ ចំពោះរបៀប ដែលប្រជាជនចិន និងរុស្ស៊ី ប្រកៀកស្មាគ្នា ប្រយុទ្ធជាមួយគ្នា៕

ដោយ ឈូក បូរ៉ា

To Top