បរទេស៖ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសៅរ៍នេះ បានធ្វើការបដិសេធច្រានចោល ទណ្ឌកម្មអាមេរិកថ្មី លើជនជាតិអ៊ីរ៉ង់៤នាក់ ជុំវិញផែនការចាប់ជម្រិតអ្នកសារព័តមានអ៊ីរ៉ង់ កាត់អាមេរិកមួយរូប ដែលគេចោទប្រកាន់ ដោយនិយាយថា ទណ្ឌកម្មនេះឆ្លុះបញ្ចាំងឲ្យឃើញ នូវការបន្ថែមទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ASHARQ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មមនុស្ស៤រូប ដោយនិយាយថា ពួកគេជាបណ្ដាញចារកម្ម នៅក្រោយផែនការចាប់ជម្រិតដែលបរាជ័យមួយ។
មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ Saeed Khatibzadeh បាននិយាយយ៉ាងដូច្នេះថា “ទីក្រុងវ៉ាស៊ីនតោន ត្រូវតែយល់ថា វាគ្មានជម្រើសនោះទេ ក្រៅពីបោះបង់ចោលការបន្ថែមទណ្ឌកម្មរបស់ខ្លួននោះ និងគោរពដល់ប្រទេសអ៊ីរ៉ង់”។
គួរបញ្ជាក់ថា ទណ្ឌកម្មថ្មីនេះ គឺត្រូវបានដាក់ ក្រោយរដ្ឋអាជ្ញាអាមេរិក កាលពីខែកក្កដា បានចោទប្រកាន់មនុស្ស៤នាក់ ដែលរៀបផែនការចាប់ជម្រិតអ្នកសារព័ត៌មានមានមូលដ្ឋាននៅទីក្រុងញូយ៉កម្នាក់ ដែលជាអ្នករិះគន់ទីក្រុងតេអេរ៉ង់៕ ប្រែសម្រួល៖ប៉ាង កុង